ដើម្បីចូលមកកាន់ Barca វិញ Neymar ត្រូវបាត់បង់ ២៦លានផោន

0
936

កំពូលខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain កីឡាករ Neymar ត្រូវបានរាយការណ៍មកថា ទំនងនឹងយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលរបស់គេចំនួន២៦លានផោន ក្នុងមួយរដូវកាល ដើម្បីផ្លាស់ត្រឡប់មកចូលរួមជាមួយ Barcelona នៅទីផ្សាររដូវក្ដៅខាងមុខ។

កីឡាករជម្រើសជាតិប្រេស៊ីលនៅតែបន្តមានព័ត៌មានជុំវិញការត្រឡប់មកកីឡដ្ឋាន Camp Nou ខណៈក្លិបយក្សអេស្ប៉ាញក៏មិនរាថយ ក្នុងការតាមប្រមាញ់រូបគេដូចគ្នា បើទោះបីជាជំងឺកូវីដ១៩កំពុងតែវាយលុកវិស័យបាល់ទាត់។

យ៉ាងណាមិញ បើតាមទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ Mundo Deportivo បានឲ្យដឹងថា Neymar ទំនងជាអាចនឹងយល់ព្រមកាត់ប្រាក់ឈ្នួលខ្លះ នៅពេលគេមកដល់ក្លិបនៅតំបន់កាតាឡាន់សម្រាប់រដូវកាល ២០២០-២១ ខាងមុខ។

ប្រភពខាងលើបានបន្តឲ្យដឹងថា PSG គ្រោងនឹងផ្ដល់កិច្ចសន្យាថ្មីឲ្យ Neymar ជាមួយនឹងការដំឡើងប្រាក់ខែរបស់គេ ដោយគិតក្នុងមួយឆ្នាំប្រមាណជា ៤៤លានផោន គិតរួមទាំងប្រាក់១២លានផោនពីការឧបត្ថម្ភរបស់ធនាគារជាតិប្រទេសកាតា។

យ៉ាងណាមិញ ក្លិបរហស្សនាមអ្នកមានបុណ្យ Barcelona មានលទ្ធភាពក៏ដូចជាត្រៀមខ្លួនក្នុងការផ្ដល់ប្រាក់ត្រឹម ១៨លានផោន ក្នុងមួយរដូវកាលប៉ុណ្ណោះ សម្រាប់ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ។

Neymar បង្ហាញទម្រង់លេងយ៉ាងល្អឲ្យ PSG នៅរដូវកាលនេះ ដោយគេបានរកគ្រាប់បាល់ចំនួន១៨គ្រាប់ ពីការចូលលេង២២ប្រកួត គិតគ្រប់ព្រឹត្តិការណ៍ទាំងអស់។

គួរឲ្យដឹងដែរថា អតីតម្ចាស់អាវលេខ១១ ធ្លាប់លេងនៅ Barcelona រយៈពេល៤ឆ្នាំ (២០១៣-២០១៧) ដោយចូលលេងបាន១៨៦ប្រកួត និងរកបាន១០៥គ្រាប់ ក្នុងនោះគេក៏បានរួមចំណែកជួយឲ្យក្លិបឈ្នះពានរង្វាន់ La Liga ២លើក និង​ Champions League ១លើកផងដែរ៕