ក្រុម Atletico Madrid បានវាយបកយកឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល៣ទល់នឹង២ នៅការប្រកួតជើងទី២ វគ្គ១៦ក្រុម ក្របខណ្ឌ Champions League។ យ៉ាងណាមិញ អ្នកចាត់ការទូទៅលោក Diego Simeone បានលើកឡើងថា ការដែលក្រុមរបស់លោកទម្លាក់ក្រុមលោក Jurgen Klopp បាន គឺដោយសារបច្ចេកទេសពិតៗ មិនមែនសំណាងនោះទេ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បាននិយាយលម្អិតយ៉ាងដូច្នេះថា៖
ពួកគេបាននាំមុខពួកយើងមុន ២-០ នៅ Anfield ក្រោយមកពួកយើងវាយបកវិញបាន៣គ្រាប់ ហើយនោះមិនមែនជាសំណាងនោះទេ។ Liverpool គឺជាក្រុមដ៏អស្ចារ្យ ប៉ុន្តែអ្នកបានដឹងហើយថា ពួគយើង បានធ្វើឲ្យពួកគេឈឺចាប់។
លោក Simone បានបន្ថែមទៀតថា៖
ពេលលេងទល់នឹង Liverpool អ្នកដឹងហើយថា Morata គាត់រងរបួសហើយទើបតែជាសះស្បើយវិញ។ ហើយពេលនោះ នៅពេលគេនាំមុខមុន ១-០ ខ្ញុំសញ្ជឹងគិតថា តើខ្ញុំគួរប្រថុយដាក់ Morata ឬអត់ ក្រោយមកពួកយើងក៏ទប់បានលេងដល់ម៉ោងបន្ថែម។ ខ្ញុំគិតថា ប្រសិនបើ Morata គាត់របួសទៀត វាប្រៀបដូចជាការធ្វើ អត្តឃាតខ្លួនឯងអ៊ីចឹង។ ប៉ុន្តែនៅទីបញ្ចប់ អ្វីៗដំណើរការល្អ Morata បានស៊ុតបញ្ចូលទីឲ្យពួកយើងថែមទៀតផង។
គួររម្លឹកផងដែរថា ក្នុងការប្រកួតក្របខណ្ឌ Champions League វគ្គ១៦ក្រុម កាលពីជើងទី១ Liverpool បានចាញ់ក្រុម At.Madrid ក្នុងលទ្ធផល ១ទល់នឹង០ ខណៈការប្រកួតជើងទី២ ក្រុមរហស្សនាមហង្សក្រហម បានបន្តចាញ់ក្រុមជើងខ្លាំងអេស្ប៉ាញ ៣ទល់នឹង២ទៀត។ ដូច្នេះគិតសរុបទាំងពីរជើង At. Madrid ទម្លាក់ Liverpool ដោយយកឈ្នះក្នុងលទ្ធផល៤ទល់នឹង២៕