ជើងចាស់ Ballack ប្រាប់ កីឡាករឆ្នើម Kai Havertz ហាមផ្លាស់ទៅ Liverpool និង Man UTD

0
596

អតីតកីឡាកររបស់ Chelsea លោក Michael Ballack បានប្រាប់ឲ្យខ្សែបម្រើ Kai Havertz របស់ Bayer Leverkusen គួរតែបន្តអភិវឌ្ឍន៍សមត្ថភាពជាងនេះទៀត មុននឹងសម្រេចចិត្តផ្លាស់ទៅក្លិបធំ។

ក្រោយបានទម្រង់លេងយ៉ាងលេចធ្លោនៅក្របខណ្ឌ Bundesliga ក្នុងវ័យត្រឹម២០ឆ្នាំ Havertz បានក្លាយជាគោលដៅនាំចូលយ៉ាងសំខាន់របស់ ហង្សក្រហម Liverpool និង បិសាចក្រហម Manchester United។

យ៉ាងណាមិញ Ballack ចង់ឃើញ អ្នកនាំលេងរបស់ Leverkusen រូបនេះ បន្តរួមរស់នៅកីឡដ្ឋាន BayArena ជាបន្តទៀត។ ថ្លែងប្រាប់សារព័ត៌មាន Bild អតីតវីរបុរសរបស់ឥន្ទ្រីដែកអាល្លឺម៉ង់ បានឲ្យដឹងយ៉ាងដូច្នេះថា៖

កីឡាករដែលមានសមត្ថភាពគឺជាការចង់បានគ្រប់ទីកន្លែង។ ប៉ុន្តែខ្ញុំគិតថាគេ (Havertz) គឺសក្ដិសមណាស់ជាមួយ Leverkusen។ លក្ខខណ្ឌនៅទីនោះគឺល្អបំផុតសម្រាប់កីឡាករក្មេងៗក្នុងការអភិវឌ្ឍសមត្ថភាព។ បរិយាសនៅ Leverkusen គឺល្អមែនទែន បើសិនជាអ្នកបង្កកំហុស អ្នកក៏មិនមានការរិះគន់ដែរ។ ជាការពិត កីឡាករដូច Havertz ត្រូវតែបានលេងក្នុងពានរង្វាន់ Champions League ហើយវាសំខាន់ណាស់ដែល Leverkusen ត្រូវតែចូលរួម។

គួរឲ្យដឹងដែរថា នៅរដូវកាលនេះ Kai Havertz រកបានគ្រាប់បាល់ឲ្យ Bayer Leverkusen បាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៥លើក ក្នុងនាមជាខ្សែបម្រើ៕