អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់កាសែត Express ក្លិបតោខៀវ Chelsea ជាបេក្ខភាពមួយ ក្នុងចំណោមក្លិបធំៗផ្សេងទៀតនៅតំបន់អឺរ៉ុប ដែលចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធក្រុម Lille កីឡាករ VictorOsimhen។
ប្រភពខាងលើបានបន្ថែមទៀតថា ក្លិបយក្សនៅ Premier League ចំនួន៤រួមមាន Arsenal, Manchester United, Manchester City, និង Tottenham Hotspur រួមជាមួយក្លិបយក្ស២ទៀតតំបន់អឺរ៉ុប ដូចជា Real Madrid និង AC Milan សុទ្ធតែដាក់គោលដៅទៅលើខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា។
យ៉ាងណាមិញ តាមរយៈរបាយការណ៍របស់កាសែត Sky Sports ក្លិបកំពូលៗពីរនៅក្របខណ្ឌ Premier League និង Real Madrid បានដាក់សំណើចរចាយក Osimhen ហើយ ខណៈក្លិប Lille បានទាមទារតម្លៃខ្លួនកីឡាករវ័យ២១ឆ្នាំ លើស៧០លានផោន។
ប្រភពពី Express បានបន្ថែមថា អ្នកចាត់ការទូទៅក្រុម Chelsea លោក Frank Lampard ចាប់ចិត្តចង់បានជម្រើសជាតិនីហ្សេរីយ៉ាមកជួយសម្រួលបន្ទុកកីឡាករ Tammy Abraham នៅតំបន់ប្រយុទ្ធ ក្រោយអស់ទំនុកចិត្តលើកីឡាករ Oliver Giroud និង Michy Batshuayi ។
គួររម្លឹកផងដែរថា ក្រុម Lille បានផ្ទេរយក Osimhen ពីក្លិប RSC Charleroi ក្នុងតម្លៃប្រមាណ១៣លានដុល្លារ កាលពីរដូវក្ដៅឆ្នាំមុន។ ដោយឡែកសម្រាប់រដូវកាលនេះ គេរកបាន១៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរូមក្រុមបញ្ចប់ទីបាន៦ដង ក្នុងចំណោមការបង្ហាញខ្លួន៣៨ប្រកួត ខណៈកុងត្រារបស់គេជាមួយក្លិបនៅក្របខណ្ឌ Ligue 1 មានសុពលភាពរហូតដល់ឆ្នាំ២០២៣ ៕