“អ្វីៗត្រូវបានរៀបចំរួចរាល់ គ្មានអ្វីទៀតទេនាពេលនេះ។ គ្រួសាររបស់ខ្ញុំ សួរខ្ញុំគ្រប់ពេល ប៉ុន្តែចម្លើយរបស់ខ្ញុំគឺថា អ្វីៗត្រូវបានបញ្ចប់”។ នេះជាសម្ដីខ្សែបម្រើអេស្ប៉ាញ David Silva ប្រាប់ទៅកាន់ AS លើបណ្ដាញសង្គម Instagram។
នេះបញ្ជាក់ថា Silva ពិតជាអស់និស្ស័យ ហើយគេបានសម្រេចចិត្តចេញពីក្រុមមេឃខៀវហើយ ក្រោយចំណាយពេលនៅ Etihad Stadium អស់រយៈពេល១០ឆ្នាំ។ អ្នកគាំទ្ររបស់ក្រុមលោក Pep នឹងមិនអាចនិយាយពាក្យ “លា” ចុងក្រោយជាមួយកីឡាករនាំលេងនេះបានទេ ដ្បិតការប្រកួតនឹងចាប់ផ្ដើមឡើងវិញ ដោយបិទទ្វារ។ ទោះ Silva មានទំនាក់ទំនងជាមួយអ្នកគាំទ្រធំសម្បើមមែន ក៏គេនៅតែមិនអាចផ្លាស់ប្ដូរគំនិត ចាកចេញពី City ដែរ។
Silva បានសង្កត់ធ្ងន់បែបនេះ ៖ «ពេលខ្ញុំនិយាយអ្វីមួយ ខ្ញុំតែងទៅមុខជាមួយវា។ នោះជាអារម្មណ៍ដែលខ្ញុំមាន។ ខ្ញុំនៅ Manchester ១០ឆ្នាំ ហើយក៏ទទួលបានអ្វីដែលខ្ញុំចង់បានហើយដែរ។ សម័យកាលរបស់ខ្ញុំ បញ្ចប់នៅទីនេះ តែខ្ញុំតែងតែមានក្លឹបនៅក្នុងបេះដូងខ្ញុំជានិច្ច សម្រាប់អ្វីៗខ្ញុំបាននៅទីនេះ»។
កុងត្រាកីឡាករវ័យ៣៤ឆ្នាំជាមួយ City នឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២០ ប៉ុន្តែក្លឹបនឹងបន្តកុងត្រារយៈពេលខ្លី ប្រសិនបើ Premier League ឬ Champions League ត្រូវបានគេបើកឱ្យដំណើរការជាថ្មី។ កាលពីពេលកន្លងទៅ Silva ត្រូវបានគេភ្ជាប់អាចនឹងទៅលេងនៅជប៉ុន ឬ Major League Soccer ប៉ុន្តែគេទទូចថាគ្មានការសម្រេចចិត្តណា ត្រូវបានធ្វើឡើងឡើយ។
ខ្សែបម្រើពាក់លេង២១ បានឈ្នះពានរង្វាន់ Premier League ៤ដង, Cup ក្នុងស្រុក ៧ដងជាមួយ Manchester City និងឈ្នះ World Cup និងពានទ្វីបអឺរ៉ុប (European Championship) ជាមួយប្រទេសអេស្ប៉ាញរបស់គេ៕