ខ្សែប្រយុទ្ធរបស់ក្រុម Athletic Bilbao គឺ Aritz Aduriz ដែលជាកីឡាករវ័យចំណាស់បំផុតអាចរកគ្រាប់បាល់ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញក្នុងប្រកួតអន្តរជាតិបានប្រកាសចូលនិវត្តន៍ហើយ ក្នុងវ័យ ៣៩ ឆ្នាំ កាលពីថ្ងៃពុធ ដោយលើកមូលហេតុថា កាយសម្បទារបស់ខ្លួន ទប់ទល់លែងបានហើយ។
កីឡាករ Aduriz ដែលបង្ហាញវត្តមានសរុប ៤៤៣ ប្រកួត និងរកគ្រាប់បាល់ ១៥៨ គ្រាប់ នៅក្របខ័ណ្ឌកំពូល La Liga របស់អេស្ប៉ាញ ជាមួយក្រុម Valencia, Real Mallorca និង Bilbao បានធ្វើការសម្រេចចិត្តនេះ ក្រោយត្រូវបានប្រាប់ថា គាត់ចាំបាច់ត្រូវប្ដូរត្រគាក។ នេះតាមអ្វីដែលគាត់លើកឡើងតាមបណ្ដាញសង្គម Twitter។
កីឡាករ Aduriz បានសសេរប្រាប់ថា៖ «កាលពីម្សិលមិញ ដុកទ័រ បានប្រាប់ខ្ញុំថា ត្រូវទៅជួបគ្រូពេទ្យវះកាត់ឲ្យបានឆាប់ ដើម្បីយករបស់សិប្បនិម្មិតមកជួសត្រគាករបស់ខ្ញុំ បើចង់ទៅសាកល្បងចាប់ផ្ដើមជីវិតប្រចាំថ្ងៃជាធម្មតាឡើងវិញ។ តែសំណាងមិនល្អ រាងកាយរបស់ខ្ញុំ បានប្រាប់ថា គ្រប់គ្រាន់ហើយ»។
កីឡាកររូបនេះ បានបន្តទៀតថា៖ «ខ្ញុំមិនអាចជួយមិត្តរួមក្រុមតាមវិធីដែលខ្ញុំចូលចិត្តទៀតទេ។ តែនេះ គឺជាជីវិតនៃកីឡាករអាជីព។ វាជារឿងធម្មតា និងធម្មតាបំផុត»។
កីឡាករ Aduriz បង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងឆ្នាំ ២០១០ នៅអាយុ ២៩ ឆ្នាំ តែក្រោយមក ត្រូវរង់ចាំដល់ទៅ ៦ ឆ្នាំ ដើម្បីទទួលបានការកោះហៅជាថ្មីម្ដងទៀត ដែលពេលនោះ រូបគេត្រូវបានដាក់ឲ្យលេងក្នុងជំនួបមិត្តភាពអន្តរជាតិទល់នឹងអ៊ីតាលី ហើយទីបំផុត ក៏អាចរកគ្រាប់បាល់ដំបូងរបស់ខ្លួនឲ្យក្រុមជម្រើសជាតិក្នុងប្រកួតដែលបញ្ចប់ទៅជាមួយនឹងលទ្ធផល ១ ទល់នឹង ១។
ក្រោយមកក្នុងឆ្នាំដដែល Aduriz បានក្លាយជាកីឡាករវ័យចំណាស់បំផុតរបស់អេស្ប៉ាញ ដែលរកគ្រាប់បាល់បានពោល គឺក្នុងវ័យ ៣៥ ឆ្នាំ និង ២៧៥ ថ្ងៃ ពេលនោះរូបគេ ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រកួតដែលក្រុមគេ យកឈ្នះប្រទេសម៉ាសេដ្វាន ៤-០ ជំនួបជម្រុះព្រឹត្តិការណ៍ World Cup៕