អ៊ីតាលី​កំណត់​យក​ថ្ងៃ​ទី​២០ ខែ​សីហា​បិទ​បញ្ចប់​រដូវ​កាល​

0
838

សហព័ន្ធ​បាល់ទាត់​អ៊ីតាលី FIGC បានប្រកាស​សំរេចយក​ថ្ងៃទី២០ ខែសីហា​គឺជា​ថ្ងៃ​បិទ​បញ្ចប់​រដូវ​កាល​អោយបាន ខណៈ​រដូវ​កាល​ថ្មី​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី១ ខែកញ្ញា​។ ​រដូវ​កាល​បច្ចុប្បន្ន​ត្រូវបាន​ផ្អាក​តាំងពី​ពាក់កណ្តាល​ខែមីនា ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​មេរោគ​រាតត្បាត Covid-19 តែ​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីតាលី នៅតែ​ប្តេជ្ញា​បញ្ចប់​រដូវ​កាល​ អោយបាន​សំរាប់​បាល់ទាត់​ក្របខណ្ឌ​កំពូល​បី​។

​​អ៊ីតាលី Serie A នៅសល់ ១២​ជុំ​ទៀត​ទើប​ចប់​រដូវ​កាល ខណៈ Juventus កំពុង​ស្វែង​រកពាន​លី​គ​កំពូល​លើក​ទី៩ រដូវ​កាល​ជាប់​គ្នា​ដោយ​កំពុង​នាំមុខគេ​មួយ​ពិន្ទុ​។ ​FIGC បាន​បញ្ជាក់​ទៀតថា ប្រសិន​បើ​បាល់​ទាត់​ទាំង៣ ​ក្របខណ្ឌ​របស់​អ៊ីតាលី​ចាប់ផ្តើម​ឡើងវិញ​ហើយ ស្រាប់តែ​ផ្អាក​ម្តងទៀតនោះ​សហ​ព័ន្ធ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត Play-Off​។ តែ​ប្រសិនបើ Play-Off ហើយ​នៅតែ​មិន​ចប់​ទៀត ជំរើស​ចុងក្រោយ​គឺ​ប្រើប្រាស់​រូបមន្ត​ពិន្ទុ​មធ្យម​ក្នុង​មួយ​ប្រកួត​ ដើម្បី​កំណត់​ចំណាត់ថ្នាក់​។ ​បើ​និយាយ​ពី Serie A និង Serie B មិនសូវ​ស្មុគស្មាញ​ទេ តែ​ក្របខណ្ឌ Serie C គឺ​រឿង​លំបាក​ដែល​ត្រូវ​ប្រឈមដោយមាន​សរុប ៦០ក្លិប តែ​ចេញ​ជា ៣តំបន់ ខណៈ​ក្រុម​ជាច្រើន​កំពុង​ប្រឈម​នឹង​បញ្ហា​ហិរញ្ញវត្ថុ​៕