ក្លិបនៅក្របខណ្ឌ Premier Leagueនឹងបោះឆ្នោតលើសំណើរសម្រាប់ការវិលត្រឡប់មកហ្វឹកហាត់គ្រប់ជ្រុងជ្រោយឡើងវិញ ដោយមានការប្រាស្រ័យទាក់ទងគ្នានៅថ្ងៃពុធ ស្របពេលដែលក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេសមួយនេះ បោះជំហានមួយផ្សេងទៀត ជិតមករកការចាប់ផ្តើមរដូវកាលរបស់ខ្លួនឡើងវិញនៅខែក្រោយ។
សេចក្តីណែនាំថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលបានចេញកាលពីថ្ងៃអាទិត្យ នឹងអនុញ្ញាតឲ្យឲ្យមានការប្រាស្រ័យទាក់ទងគ្នាជិតស្និតអំឡុងពេលហ្វឹកហាត់ ដែលរួមទាំងការដណ្តើមបាល់គ្នា ដើម្បីជួយក្រុមកីឡាករបង្កើនសមត្ថភាពលេងការប្រកួតរបស់ពួកគេ មុនពេលវិលត្រឡប់មកកាន់ការប្រកួតវិញ។
សេចក្តីណែនាំរបស់រដ្ឋាភិបាល បានលើកឡើងថា ការហ្វឹកហាត់ប្រភេទនេះ នឹងចាប់ផ្តើមពីក្រុមគ្នាតិចចាប់២ទៅ៣នាក់ រហូតដល់ក្រុមគ្នាច្រើនចាប់ពី៤នាក់ទៅ១២នាក់ ហើយចុងក្រោយគឺការហ្វឹកហាត់គ្រប់ជ្រុងជ្រោយតែម្តង។
ក្រុមកីឡាករ និងក្រុមអ្នកចាត់ការបានពិគ្រោះយោបល់គ្នាកាលពីថ្ងៃអង្គារ មុនពេលសំណើដាក់ជូនឲ្យបោះឆ្នោតនៅក្នុងចំណោមក្លិបកំពូលទាំង២០នៅក្របខណ្ឌ Premier League។
ដោយឡែក លទ្ធផលនៃការធ្វើតេស្តជុំចុងក្រោយស្វែងរកជំងឺ COVID-19 ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ នឹងត្រូវចុះផ្សាយផងដែរនៅថ្ងៃពុធនេះ។
សូមបញ្ជាក់ថា ការធ្វើតេស្តវិជ្ជមានចំនួនតិចតួចនៃជំងឺ COVID-19ក្នុង២ជុំដំបូងនៃការធ្វើតេស្តនៅក្លិប Premier Leagueបានធ្វើឲ្យកើតមានក្តីសង្ឃឹមនៃការវិលត្រឡប់មកកាន់រដូវកាលឡើងវិញនៅខែមិថុនាខាងមុខនេះ ។
ករណីវិជ្ជមានចំនួន៨នាក់នៃជំងឺ COVID-19 នៅក្នុងចំណោមក្រុមកីឡាករ និងបុគ្គលិកត្រូវបានរកឃើញក្នុងចំណោមការធ្វើតេស្តមនុស្ស១.៧៤៤នាក់ នៅក្របខណ្ឌ Premier League៕