អ្នកចាត់ការទូទៅក្រុម Red Bull Salzburg លោក Jesse Marsch យល់ឃើញថាទម្រង់លេងរបស់ខ្សែប្រយុទ្ធ Erling Haaland ដែលជាអតីតកូនសិស្សរបស់លោក ស័ក្ដិសមនឹងប្រព័ន្ធលេងរបស់ក្រុមហង្សក្រហម Liverpool។
Haaland ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធវ័យក្មេង ដ៏លេចធ្លោមួយរូបនៅតំបន់អឺរ៉ុបនាពេលបច្ចុប្បន្ន។ ជាក់ស្ដែង គេរកបាន៤១គ្រាប់ហើយ ក្នុងរដូវកាល២០១៩/២០ នេះ។
ជាមួយគ្នានេះ សមត្ថភាពក្នុងការរកគ្រាប់បាល់ដ៏ប៉ិនប្រសប់របស់គេ បានទាក់ចិត្តក្លិបយក្សចំនួន២នៅតំបន់អឺរ៉ុប ក្នុងនោះរួមមានក្លិបអធិរាជស Real Madrid និង ក្លិបបិសាចក្រហម Manchester United ។
យ៉ាងណាមិញ អតីតគ្រូរបស់ Haaland លោក Marsch យល់ឃើញថា ជើងស៊ុតវ័យ១៩ឆ្នាំ មិនស័ក្ដិសមនឹង ក្លិបទាំងពីរខាងលើនោះទេ ពោលទម្រង់លេងរបស់គេ គឺសមនឹងប្រព័ន្ធលេងរបស់លោក Jurgen Klop ច្រើនជាង។
គ្រូបង្វឹកសញ្ជាតិអាមេរិក បាននិយាយលម្អិតយ៉ាងដូច្នេះថា៖
ពួកយើងទើបតែបានឃើញសំបកក្រៅរបស់ Haaland ទេ។ គាត់នឹងបន្តធ្វើបានកាន់តែអស្ចារ្យទៀតជាមួយ Dortmund ប៉ុន្តែខ្ញុំមិនប្រាកដទេថា តើគាត់នឹងនៅទីនោះបានយូរប៉ុណ្ណា។ ខ្ញុំគ្រាន់តែជឿជាក់ថា គាត់មានលទ្ធភាពអាចឈានដល់កម្រិត កីឡាករឆ្នើមលើពិភពលោក។
លោក Marsch បានបន្ថែមទៀតថា៖
គាត់ជាកីឡាករមួយរូប ដែល Liverpool គួរតែមាន។ ខ្ញុំដឹងថាតម្លៃខ្លួនរបស់គាត់មិនថោកទេ ប៉ុន្តែគាត់ចូលចិត្ត ប្រព័ន្ធលេងដែលប្រយុទ្ធខ្លាំង ព្រោះគាត់អាចរកកន្លែងទូលាយបាន ចេះរត់ពីក្រោយខ្សែការពារ និង ពូកែប្រជែងយកបាល់។ ហើយមើលទៅគាត់ស័ក្ដិសមឥតខ្ចោះតែម្ដងជាមួយនឹងប្រព័ន្ធលេងរបស់ Liverpool ៕