ហង្ស​ក្រហម ទំនង​លើក​ពាន​ ក្នុង​ស្ថានភាព​ប្លែក​បន្តិច

0
792

ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool គឺ​ខ្សែ​បម្រើ Jordan Henderson បាន​និយាយ​បញ្ជាក់​ថា​ វា​ក្លាយ​ជា​រឿង​ចម្លែក​បន្តិច ពេល​ដែល​ក្រុម​ខ្លួន​មាន​ឱកាស​លើក​ពាន​ក្របខ័ណ្ឌ​ Premier League ដោយ​អត់​មាន​អ្នក​គាំទ្រ​ចូលរួម​អបអរ​ជាមួយ​គ្នា​។

ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp ក្រុម​យក្ស​មួយ​នេះ ចាប់​ផ្ដើម​ត្រឡប់​មក​លើ​ផ្លូវ​ទៅ​រក​ការ​ឈ្នះ​ពាន​រង្វាន់​លីក​កំពូល​របស់​ប្រទេស​អង់គ្លេស​ ​វិញ ជា​លើក​ដំបូង​គិត​តាំង​ពី​ឆ្នាំ ​១៩៩០ មក ដោយ​ពេល​នេះ កំពុង​ឈរ​នៅ​ទី​កំពូល​តារាង ជាមួយ​នឹង​ការ​នាំ​មុខ​ដាច់​លើ​ក្រុម​លេខ ​២ Manchester City ដល់​ទៅ ២៥ ​ពិន្ទុ​ មុន​រដូវកាល​ត្រូវ​​ផ្អាក​បណ្ដាល​មក​ពី​ការ​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។

ជាមួយ​នឹង​ក្របខ័ណ្ឌ Premier League កំពុង​គ្រោង​ចាប់​ផ្ដើម​វិញ ដោយ​ប្រកួត​បិទ​ទ្វារ​នា​ខែ​ក្រោយ​នោះ ​​​កីឡាករ​​អន្តរជាតិ​អង់គ្លេស Henderson និង​ក្រុម​របស់​គេ​អាច​នឹង​លើក​ពាន​នេះ ដោយ​មិន​មាន​អ្នក​គាំ​ទ្រ​ឈរ​ទះ​ដៃ​ អម​ជាមួយ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​​ឡើយ​។​

កីឡាករ​ដែល​មាន​វ័យ ​២៩ ​ឆ្នាំ Henderson និយាយ​ថា វា​នឹង​ក្លាយ​​ជា​រឿង​ប្លែក​បន្តិច ​បើ​​ករណី​នោះ​ កើត​ឡើង​មែន ហើយ​​​ស្រប​ពេល​ជាមួយ​គ្នា Henderson ក៏​បាន​ដាស់​តឿន​មិត្ត​រួម​ក្រុម​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត ត្រូវ​ធ្វើ​ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​ដំណើរ​ការ​វិញ​។ ​ ​

ក្នុង​កម្មវិធី​​វិទ្យុ BBC Radio 5 Live កីឡាករ Henderson ​ប្រាប់​ថា​៖ «​មែន​ហើយ វា​នឹង​មាន​អារម្មណ៍​ខុស​​ធម្មតា បើ​អ្នក​ឈ្នះ​ពាន​រង្វាន់​អ្វី​មួយ ហើយ​កាន់​វា​ក្នុង​ដៃ នៅ​កន្លែង​ដែល​ឥត​មាន​អ្នក​គាំទ្រ នៅ​ទីនោះ វា​នឹង​ក្លាយ​ជា​រឿង​ចម្លែក​បន្តិច​»។

ងាក​ចេញ​ពី​រឿង​​លើក​ពាន ដោយ​គ្មាន​​អ្នក​គាំទ្រ​ ​កីឡាករ Henderson ដែល​ក្លាយ​ជា​សមាជិក​របស់​ក្រុម​ហង្ស​ក្រហម​កាល​ពី​ឆ្នាំ ​២០១១ បាន​និយាយ​បន្ត​ថា​៖ «​វា​​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ យើង​នៅ​មាន​កិច្ច​ការ​ជា​ច្រើន​ទៀត ត្រូវ​ធ្វើ ហើយ​ត្រូវ​ការ​លេង​ក្នុង​ទម្រង់​កម្រិត​​ខ្ពស់​បំផុត រហូត​ដល់​រដូវកាល​ត្រូវ​បាន​បញ្ចប់ ព្រោះ​​យើង​ចង់​បញ្ចប់​ជាមួយ​នឹង​ទម្រង់​លេង​ខ្លាំង​បំផុត​តាម​ដែល​អាច»​។

ក្លិប​​នៅ​ Premier League បាន​ត្រឡប់​មក​ហ្វឹក​ហាត់​វិញ​ហើយ ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ ​១៩ ដែល​បណ្ដាល​​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៣៥១ ០០០ ​នាក់ ទូទាំង​សកល​លោក ហើយ​កីឡាករ Henderson បាន​និយាយ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ផ្ដើម​មក​កាន់​ទីលាន​ហាត់​សម​វិញ​ថា​ ​មាន​អារម្មណ៍​សុវត្ថិភាព និង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ មុន​ការ​ប្រកួត​ប្រជែង​នា​ពេល​ខាង​មុខ​នេះ​។

ខ្សែ​បម្រើ Henderson បាន​ប្រាប់​ថា​៖ «​សម្រាប់​យើង ​ក្នុង​ក្រុម Liverpool គឺ​មាន​អារម្មណ៍​ល្អ​ប្រសើរ​។ វា​ជា​រឿង​អស្ចារ្យ​ណាស់​ ដែល​បាន​ត្រឡប់​មក​ហាត់​វិញ ហើយ​គ្រប់​គ្នា​មាន​អារម្មណ៍​សុខ​ស្រួល និង​សុវត្ថិភាព​។​ តែ​ទោះ​ជា​យ៉ាង​ណា ​ពួក​យើង​នឹង​មិន​ធ្វេស​ប្រហែស​ជា​ដាច់​ខាត ពួក​យើង​តែង​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ និង​ក្រុម​គ្រូ​ពេទ្យ នូវ​អ្វី​ដែល​ពួក​គេ​ប្រាប់​យើង ដើម្បី​សុវត្ថិភាព​»​៕