ក្រោយមានដំណឹងល្អពីការចាប់ផ្ដើមឡើងវិញនៃលីគកំពូលអង់គ្លេសហើយនោះ អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត គឺថាលីគកំពូលអ៊ីតាលី ក៏នឹងចាប់ផ្ដើមដំណើរការឡើងវិញដែរ ពោលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ខាងមុខ ប៉ុន្តែត្រូវលេងបិទទ្វារ។ នេះបើតាមការបញ្ជាក់ពីលោក Vincenzo Spadafora រដ្ឋមន្ត្រីទទួលបន្ទុកកីឡាអ៊ីតាលី។
យោងតាមសារព័ត៌មាន BBC សហព័ន្ធបាល់ទាត់ប្រទេសអ៊ីតាលី FIGC កាលពីថ្ងៃទី២០ ខែឧសភា ក៏បានកំណត់យកត្រឹមថ្ងៃ២០ ខែសីហា ដើម្បីបញ្ចប់រដូវកាល ២០១៩-២០។
ក្រុមកីឡាករបានហ្វឹកហាត់ខ្លួនឯងនៅឯផ្ទះហើយ មុនពួគគេប្រមូលផ្ដុំគ្នាហ្វឹកហាត់តាមក្លឹបរៀងខ្លួនវិញនៅសប្ដាហ៍នេះ។
ការប្រកួតនៅ Serie A ត្រូវបានពន្យារពេលកាលពីថ្ងៃទី៩ ខែមីនា ដោយក្រុម Juventus មាន៦៣ពិន្ទុ ឈរលើគេក្នុងតារាងចំណាត់ថ្នាក់ តាមពីក្រោយដោយលេខ២ Lazio មាន៦២ពិន្ទុ លេខ៣ Inter Minlan មាន៥៤ពិន្ទុ លេខ៤ Atalanta មាន៤៨ពិន្ទុ និង Roma មាន៤៥ពិន្ទុ។
គួរបញ្ជាក់ថាជាង៧ម៉ោងមុននេះ Premier Leahue ត្រូវបានគេប្រកាសដំណើរការប្រកួតឡើងវិញ នៅថ្ងៃទី១៧ខែមិថុនា ដោយ Man City ត្រូវប្រកួតជាមួយ Arsenal ប៉ុន្តែការប្រកួតត្រូវលេងបិទទ្វារ គ្មានអ្នកគាំទ្រ។
នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រលីគកំពូលប្រទេសទាំងពីរ ខណៈលីគអាល្លឺម៉ង់ឯណោះវិញ គឺបានចាប់ផ្ដើមបើកការប្រយុទ្ធលើវាលស្មៅហើយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០៕