ក្រុមបិសាចក្រហម Manchester United បានបន្តកិច្ចសន្យាខ្ចីជើងកីឡាករ Odion Ighalo រហូតដល់ខែមករា ឆ្នាំ ២០២១ កាលពីថ្ងៃចន្ទ ដើម្បីធានាបានថា ខ្សែប្រយុទ្ធអន្តរជាតិនីហ្សេរីយ៉ានឹងអាចនៅបញ្ចប់រដូវកាល ២០១៩-២០២០ ជាមួយក្លិបនៅក្របខ័ណ្ឌ Premier League របស់អង់គ្លេសមួយនេះ។
កុងត្រាខ្ចីជើងលើកទី ១ របស់ Ighalo ពីក្រុមរបស់ចិន Shanghai Shenhua បានផុតកំណត់នៅចុងខែឧសភា តែក្រុម Man United បានសម្រេចពន្យារបន្ថែមទៀត ដោយសារកីឡាករវ័យ ៣០ ឆ្នាំ បានផ្តល់ឲ្យមានការចាប់អារម្មណ៍ឡើងវិញ ដោយការស៊ុតបញ្ចូលទីបាន ៤ គ្រាប់ ជាមួយនឹងការបង្ហាញខ្លួន ៨ លើក មុនពេលការប្រកួតបាល់ទាត់ ត្រូវបានអសកម្ម ដោយសារការរាតត្បាតនៃវីរុសកូរ៉ូណា ក្នុងខែមីនា។
ក្រុម Man United បានឲ្យដឹងក្នុងសេចក្ដីប្រកាសរបស់ខ្លួនថា៖ «ក្រុម Manchester United បានឈានដល់កិ្ចព្រមព្រៀងជាមួយក្រុម Shanghai Greenland Shenhua (Shanghai) ដើម្បីបន្តកិច្ចសន្យាខ្ចីជើងកីឡាករ Odion Ighalo បន្ថែមទៀត។ ឥឡូវនេះ រូបគាត់ នឹងនៅជាមួយក្រុមយើង រហូតដល់ថ្ងៃទី ៣១ ខែ ១ ឆ្នាំ ២០២១ ដែលវានឹងអាចឲ្យរូបគាត់មានលទ្ធភាពបង្កើតនូវការចាប់ផ្ដើមដ៏គួរឲ្យចាប់អារម្មណ៍មួយជាមួយក្លិបដែលគាត់គាំទ្រតាងពីនៅក្មេង»។
ក្រោយទទួលបានការពន្យារកិច្ចសន្យានេះ កីឡាករ Ighalo អាចបង្ហាញឲ្យឃើញពីការបន្ថែមកីឡាករដ៏សំខាន់ ក្នុងក្រុមលោក Ole Gunnar Solskjaer នៅមុនកាលវិភាគនៃការប្រកួតដ៏មមាញឹក ពេលដែលការប្រកួតចាប់ផ្ដើមដំណើរការឡើងវិញ ចុងខែនេះ។
ស្របពេលក្របខ័ណ្ឌ Premier League កំណត់ពេលចាប់ផ្ដើមសកម្មភាពវិញ នៅថ្ងៃទី ១៧ ខែមិថុនា នេះ ក្រុមបិសាចក្រហម អាចនឹងប្រឈមជាមួយការប្រកួតដល់ទៅ ១២ លើក ក្នុងរយៈពេលជាង ១ ខែ គិតទាំងការប្រកួតកម្មវិធី FA Cup ផង ប្រសិនបើពួកគេ អាចបន្តដំណើរទៅវគ្គបន្ទាប់។
លោកគ្រូបង្វឹក Solskjaer ដែលនឹងត្រូវដឹកនាំកូនក្រុមធ្វើយុទ្ធនាការ ក្នុងក្របខ័ណ្ឌ Europa League នាខែសីហាដែរនោះ បាននិយាយក្រោយសម្រេចខ្ចីជើងកីឡាករខាងលើនេះថា៖ «ពួកគេ (ក្រុម Shanghai) មានទឹកចិត្តប្រពៃមែនទែនចំពោះពួកយើង ដែលអនុញ្ញាតឲ្យគាត់លេងឲ្យក្រុមសំណព្វចិត្តរបស់គាត់។ វាជាសុបិនរបស់គាត់ ហើយសង្ឃឹមថា គាត់អាចបញ្ចប់នូវអ្វី ដែលគាត់បានចាប់ផ្ដើម និងឈ្នះពានជាមួយពួកយើង»៕