Mahrez ត្រូវ​ចោរ​លួច​នាឡិកាដៃតម្លៃជិត ៤០ ម៉ឺន​ដុល្លារ

0
691

ខ្សែ​បម្រើ​របស់​ក្លិប​មេឃខៀវ Manchester City កីឡាករ Riyad Mahrez បាន​បាត់​​នាឡិកា​ដៃ​ទំនើប ៣​ គ្រឿង ដែល​មាន​តម្លៃ​ជាង ៣០ ម៉ឺន​ផោន (៣៧ ម៉ឺន​ដុល្លារ) ពេល​មាន​ចោរ​ចូល​ផ្ទះ​របស់​គេ។ នេះ​បើ​តាម​​សារ​ព័ត៌មាន នៅ​ចក្រ​ភព​អង់​គ្លេស ធ្វើ​សេចក្ដី​រាយការណ៍​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​អាទិត្យ​។​

ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ប្រហែលជិត ៦០ ម៉ឺន​ដុល្លារ ដែល​រួម​ទាំង​ខ្សែដៃ Cartier និង​អាវបាល់​ទាត់​ពិសេស ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ជិត ១៦ ម៉ឺន​ដុល្លារ ត្រូវបាន​គេ​លួច​យក​ទៅ​បាត់​​ពី​កីឡាករ​អន្តរជាតិ​អាល់ហ្សេរី​រូបនេះ​។

នាឡិកា​ដៃ​ទាំង ៣ គ្រឿង​នោះ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​ មួយគ្រឿង​ម៉ាក ​Richard Mille តម្លៃ​ជិត ២៤ ម៉ឺន​ដុល្លារ ខណៈ​មួយ​ទៀត​ម៉ាក Rolex Daytona តម្លៃជិត ៤១ ម៉ឺន​ដុល្លារ និង​មួយ​ទៀត មាន​តម្លៃ​ជិត ៣៦ ​ម៉ឺន​ដុល្លារ ជានាឡិកាម៉ាក Rolex Day Date​។

កីឡាករ​ Mahrez វ័យ ២៩​ ឆ្នាំ ត្រូវបាន​គេ​ប្រាប់​ថា អត់​នៅ​ផ្ទះ​ទេ ពេល​ពួក​ជន​ខិល​ខូច​ទាំង​ហ្នឹង បាន​ប្រើ​សោរ​បន្លំ​ចូល​ផ្ទះ​របស់​គេ និង​កន្លែង​ស្នាក់​នៅ​របស់​កីឡាករ ៣​ នាក់​ផ្សេងទៀត នៅ​អាគារ​របស់​ក្លិប Manchester city កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​។

កាសែត The Sun បាន​​ស្រង់ពាក្យ​ពេចន៍​ក្នុងសំបុត្រ​មួយ ផ្ញើ​ទៅ​កាន់​អ្នក​រស់​នៅ​កន្លែង​កើត​ហេតុ​ ដែលសរសេរ​ថា​៖ «​ផ្ទះ ៤​ ល្វែងត្រូវបាន​គេ​លួច​ចូល​​ ដោយ​ប្រើសោ​ក្លែង​ក្លាយ​ ដែល​អាច​ចូល​ទៅ​គ្រប់​ច្រក​ល្ហក​​នៃ​អាគារ។ សោក្លែង​ក្លាយ​នោះ ពេល​នេះ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​យើង ​ហើយនឹង​មិនអាច​ប្រើ​ប្រាស់​ម្ដង​ទៀត​ឡើយ​»។

ស្របពេល​កំពុង​មាន​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ពី​គម្រោង​នៃ​ការ​ចាប់​ផ្ដើម​សកម្មភាព​ឡើង​វិញ សម្រាប់​​ក្រប​ខ័ណ្ឌ Premier League អំពើចោរកម្ម​ចំពោះ​កីឡាករ​​ ក៏មាន​ជាហូរហែ​ដែរ ដោយ​កាល​បី​ដើម​ខែ​នេះ ខ្សែ​បម្រើ​របស់​ក្រុម Tottenham គឺ​កីឡាករ Dele Alli ក៏​ត្រូវបាន​ចោរ​ប្រើ​កាំបិត​ប្លន់​យក​ទ្រព្យ​សម្បិត្តិអស់​មួយ​ចំនួន​ដែរ​ ក្នុង​នោះកីឡាករ​អន្តរ​ជាតិ​អង់គ្លេស ក៏​មាន​រង​របួស​តិច​តួច​ ដោយសារ​បាន​ប្រតាយ​ប្រតប់​ជាមួយ​ចោរ​៕