Barca និង Real នឹង​ជួប​ប្រទះ​ទិដ្ឋភាព​ប្លែក​ថ្មី​ ពេល​ការ​ប្រកួត​ចាប់​ផ្ដើម​វិញ

0
940

«​ខ្ញុំ​នឹក​ទី​នេះ​»​។ នេះ​​ជា​សម្ដី​របស់​កីឡាករ​ Lionel Messi បាន​បន្លឺ​ឡើង ក្រោយ​ពី​បាន​​បោះ​ជំហាន​របស់​ខ្លួន​​ជាន់​លើ​ស្មៅ​នៅ​ក្នុង​កីឡដ្ឋាន​ Camp Nou ជា​លើក​ដំបូង​ក្នុង​រយៈពេល ៣ ​ខែ​ តែ​នៅ​ពេល​ក្រុម​អ្នក​មាន​បុណ្យ Barcelona (Barca) ត្រឡប់​មក​ធ្វើ​សកម្មភាព​ប្រកួតប្រជែង​វិញ ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អាហ្សង់ទីន​រូប​នេះ​ ដឹង​ច្បាស់​ថា វា​នឹង​ប្លែក​ជាង​មុន​ជា​មិន​ខាន​។​

ជំនួស​មក​វិញ​ការ​ប្រជែង​ពាន​រង្វាន់​ដ៏​វក់វី​នៅ​ក្របខ័ណ្ឌ La Liga នឹង​ចាប់​ផ្ដើម​ដោយ​ភាព​ប្លែក​ខុស​ពី​មុន ខណៈ​ក្រុម​ Barca នឹង​បញ្ចប់​នៅ​កីឡដ្ឋាន​ដ៏​ធំ​ជាង​គេ​បំផុត និង​ឥឡូវ​នេះ​ទទេ​ស្អាត​ជាង​គេ​បំផុត​នៅ​អឺរ៉ុប​ ពេល​ក្រុម​គូ​ប្រជែង​ស្លាប់​រស់​អធិរាជស Real Madrid (Real) ប្ដូរ​ទៅ​លេង​នៅ​កីឡដ្ឋាន​​ផ្សេង​ទាំង​ស្រុង​។​

២ ​ពិន្ទុ ជា​គម្លាត​រវាង​ក្រុម​គូ​ប្រជែង​ដ៏​ធំ​ជាង​គេ​របស់​ប្រទេស​អេស្ប៉ាញ នៅ​មុន​ការ​ប្រកួត​លីក​លំដាប់​កំពូល​វិល​មក​វិញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​កណ្ដាល​សប្ដាហ៍​នេះ ខណៈ​​ជំនួប​រវាង​ក្រុម​នៅ​ក្រុង​តែ​មួយ (Derby Match) គឺ Sevilla និង Real Betis នឹង​បញ្ចប់​ការ​គាំង​ដំណើរ​រយៈពេល ៩៣ ​ថ្ងៃ ហើយ​ចាប់​ផ្ដើម​ជាមួយ​នឹង​ការ​ប្រកួត​យ៉ាង​មមាញឹក​រយៈពេល ៥ ​សប្ដាហ៍ ដើម្បី​ឲ្យ​រដូវកាល​នេះ ចប់​ជា​ផ្លូវ​ការ​ពេញ​បរិបូរណ៍។​

ពេល​យុទ្ធនាការ ត្រូវ​បាន​ផ្អាក​កាល​ពី​ថ្ងៃទី ១២ ខែ​មីនា ក្រុម Real បាន​​ប្រគល់​ចំណាត់​ថ្នាក់​ទី ​១ ឲ្យ​ទៅ Barca ភ្លាម​ៗ ក្រោយ​ពី​បាន​ប្រកួត​​ឈ្នះ​គូ​ប្រជែង​នេះ នៅ​ទឹក​ដី​ខ្លួន​ឯង​​​ Santiago Bernabeu ដែល​ជា​ការ​ប្ដូរ​ចំណាត់​ថ្នាក់​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ដែល​​​ប្រើ​ពេល​ត្រឹម​តែ ១ ​សប្ដាហ៍​ប៉ុណ្ណោះ​។​ ដោយ​គិត​លើ​ភាព​មិន​ទាន់​រឹងមាំ​នៃ​ក្រុម​ទាំង ​២ វា​ជា​រឿង​ពិបាក​ស្មាន​មែនទែន​ថា តើ​ក្រុម​ណា​នឹង​មាន​ទម្រង់​លេង​ខ្លាំង​ជាង​សម្រាប់​​​ការ​ប្រកួត​ទាំង ១១ ​លើក​ចុង​ក្រោយ​នៃ​រដូវកាល​នេះ? ប៉ុន្តែ​កត្តា​ដែល​សំខាន់​នោះ​គឺ​ថា ក្រុម​ណា​នឹង​សម្រប​ខ្លួន​បាន​ប្រសើរ​ជាង​ចំពោះ​បរិយាកាស​ដ៏​ប្លែក​នេះ​។​

ជួស​ឲ្យ​ការ​លេង​នាកីឡដ្ឋាន​មាន ៨១ ០០០ កៅអី​របស់​ខ្លួន​នា​​កណ្ដាល​ទីក្រុង ដែល​កំពុង​ត្រូវ​បាន​ជុសជុល​នៅ​​រដូវក្ដៅ​នេះ​​ ក្រុម Real នឹង​ទៅ​លេង​នៅ​ឯកីឡដ្ឋាន Alfredo di Stefano ដែល​អាច​ផ្ទុក​ទស្សនិកជន​​បាន​តែ ៦ ០០០ នាក់ ដោយ​ជា​ទូទៅ​ ត្រូវ​បាន​ប្រើប្រាស់​ជា​ទឹក​ដី​របស់​ក្រុម​កីឡាករ​បម្រុង​របស់​ក្លិប និង​ក្រុម​យុវជន​អាយុ​ក្រោម​ ១៨ ​ឆ្នាំ​។​​

 

ពាក់ព័ន្ធ​នឹង​ការ​ប្រកួត ដែល​នឹង​ធ្វើ​ឡើង​ដោយ​ខុស​ប្លែក​ពី​មុន​ទាំង​ស្រុង​ ជាពិសេស​រឿង​​​អវត្តមាន​អ្នក​គាំទ្រ​ខ្សែ​បម្រើ​សញ្ជាតិ​អាល្លឺម៉ង់ Toni Kroos របស់​ក្រុម Real បាន​និយាយ​នៅ​ដើម​ខែ​នេះ​ថា​៖ «​នេះ​ជា​លើក​ទី ​១ ដែល​យើង​ត្រូវ​លេង​ដោយ​អត់​មាន​អ្នក​គាំទ្រ។ ក្រុម​របស់​យើង ដែល​ត្រូវ​តែ​សម្រប​ខ្លួន​ឲ្យ​ល្អ​បំផុត​នឹង​ស្ថានការណ៍​នេះ​បាន នោះ​គឺ​ជា​ជ័យជម្នះ​មួយ​ដែល​យើង​ទទួល​បាន​»​។

តែ​យ៉ាង​ណា​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ នេះ​មិន​មែន​ជា​លើ​ដំបូង​នោះ​ទេ ក្នុង​ការ​ប្រកួត​ដោយ​អត់​មាន​អ្នក​គាំទ្រ​ ព្រោះ​កាល​ពី​ខែ​តុលា​ ឆ្នាំ ​២០១៧ ខ្លួន​បាន​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ Las Palmas ដោយ​បិទ​ទ្វារ​កីឡដ្ឋាន Camp Nou ដែល​ការ​ធ្វើ​បែប​នេះ​គឺ ​ដើម្បី​តវ៉ា​នឹង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រកួត​ចំពេល​មាន​​ចលាចល​ផ្នែក​នយោបាយ​។​

បើ​ទោះ​ជា​ក្រុម​ខ្លួន​ធ្លាប់​រៀបចំ​ការ​ប្រកួត​ក្នុង​សភាព​ស្ងាត់​ជ្រងំ​ក្ដី ក៏​​ខ្សែ​បម្រើ Arturo Vidal ក្រុម​ Barca បាន​លើក​ឡើង​​ក្នុង​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សម្ដី​របស់ Kroos ដែរ​ ដោយ​និយាយ​ថា​៖ «​ខ្ញុំ​ពេញ​ចិត្ត​ការ​មាន​ទំនាក់​ទំនង​ជាមួយ​អ្នក​គាំទ្រ ព្រោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​យើង​មាន​ពេល​វេលា​រីករាយ​ជាមួយ​គ្នា តែ​យើង​នឹង​សម្រប​ជាមួយ​ស្ថានភាព​នេះ​ឲ្យ​បាន​»​។

សម្រាប់​ក្របខ័ណ្ឌ La Liga នឹង​ចាប់​ផ្ដើម​​ឡើង​វិញ ជាមួយ​នឹង​ការ​ប្រកួត​សប្ដាហ៍​ទី​ ២៨ របស់​ខ្លួន។ បច្ចុប្បន្ន Barca មាន​ ៥៨ ពិន្ទុ ខណៈ Real មាន ៥៦ ពិន្ទុ៕