ស្រប​ពេល​សម្លឹង​ឃើញ​ពាន​លឹម​ៗ Bayern ​ក៏​គាំទ្រ​ការ​តវ៉ា

0
630

កីឡាករ​របស់​ក្របខ័ណ្ឌ Bundesliga បាន​ពាក់​ក្រណាត់​ពណ៌​ខ្មៅ​នៅ​នឹង​ដៃ​ព្រម​ទាំង​​បាន​លុត​ជង្គង់​បង្ហាញ​​ការ​គាំទ្រ​ដល់​ចលនា​តវ៉ា​​ឈ្មោះ Black Lives Matter កាល​ពី​ថ្ងៃ​សៅរ៍ ខណៈ​ដែល​ក្រុម Bayern Munich កំពុង​តែ​ធ្វើ​ឲ្យ​​ក្ដី​សង្ឃឹម​របស់​ក្រុម​គូ​ប្រជែង​ Borussia Dortmund រលាយ​​បាត់​បន្តិច​ម្ដង​ៗ ដែល​ចង់​មក​ធ្វើ​ជា​ឧបសគ្គ​​រារាំង​មិន​ឲ្យ​ខ្លួន​ឈ្នះ​​ក្របខ័ណ្ឌ​កំពូល​របស់​អាល្លឺម៉ង់​ជា​លើក​ទី ​៩ ​ជាប់ៗ​គ្នា​នោះ​​។

ជាមួយ​នឹង​ជ័យ​ជម្នះ លើ​ក្រុម​ម្ចាស់​ផ្ទះ Bayer Leverkusen ៤-២ អំឡុង​ការ​ប្រកួត ដែល​លេង​​ដោយ​បិទ​ទ្វារ​ធ្វើ​ឲ្យ Bayern រក្សា​គម្លាត​នាំ​មុខ ៧ ​ពិន្ទុ លើ​ក្រុម​លេខ ​២ Dortmund ដែល​ប្រកួត​ឈ្នះ​លើ​ក្រុម​ភ្ញៀវ​ Hertha Berlin ១​-០ ដែរ​ ខណៈ​​នៅ​សល់ ៤ ​ប្រកួត​ទៀត​នឹង​បញ្ចប់​ជា​ស្ថាពរ​ហើយ ​សម្រាប់​ក្របខ័ណ្ឌ​ Bundesliga រដូវកាល ២០១៩​-២០២០ ដែល​បាន​បើក​ដំណើរការ​មុន​លីក​អាជីព​ល្បី​ៗ​ដទៃ​ទៀត នៅ​តំបន់​​អឺរ៉ុប គិត​ចាប់​​តាំង​ពី​បាន​ផ្អាក​ក្នុង​ខែ​មីនា ដោយសារ​​វីរុស​កូរ៉ូណា។​

បើទោះ​ជា​ត្រូវ​ក្រុម​ម្ចាស់​ផ្ទះ Leverkusen នាំ​មុខ​យ៉ាង​លឿន​ នៅ​នាទីទី ​១០ ដោយ​កីឡាករ​ Lucas Alario ក៏​ដោយ ក៏​មិន​ធ្វើ​ឲ្យ​ក្រុម​ Bayern បាក់​ស្មារតី​នោះ​ឡើយ ហើយ​ទី​បំផុត​ ក៏​​ស៊ុត​បញ្ចូល​ទី​ ៣ ​គ្រាប់​ផ្ទួន​ៗ មុន​​នឹង​ចប់​វគ្គ​ទី ​១ ដោយ​​​ខ្សែ​បម្រើ​ ​៣ ​រូប​ គឺ Kingsley Coman នាទីទី ​២៧,​ Leon Goretzka នាទីទី​ ៤២​ និង​​ Serge Gnabry នាទីទី ​៤៥​។

ចូល​ដល់​វគ្គ​ទី ​២ ក្រុម​ជើង​ឯក​ចាស់ ក៏​បាន​បន្ថែម​គម្លាត​នាំ​មុខ​ ៤-១ នៅ​នាទីទី ​៦៦​ ក្រោយ​​ខ្សែ​ប្រយុទ្ធ Robert Lewandowski ធ្វើ​បាន​សម្រេច​គ្រាប់​ទី ​៣០​ ​​នៅ​រដូវកាល​នេះ​ គឺ​មុន​ពេល​កីឡាក​វ័យ​ក្មេង Florian Wirtz អាច​បំប៉ោង​សំណាញ់​ទី​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​បាន ​១ ​គ្រាប់​វិញ នៅ​នាទីទី ​៨៩​ ធ្វើ​ឲ្យ​លទ្ធផល​ផ្លូវ​ការ​ក្រុម Bayern ប្រកួត​ឈ្នះ ក្រុម Leverkusen ៤​-២​។

ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ អ្នក​ដែល​រក​គ្រាប់​ទី ​២ ឲ្យ​ក្រុម​ Bayern គឺ​កីឡាករ Goretzka និយាយ​ប្រាប់​ទូរទស្សន៍​ Sky ថា​៖ «​យើង​​​ចាប់​ផ្ដើម​មិន​សូវ​បាន​ល្អ​ទេ តែ​ខ្ញុំ​យល់​ថា វា​ពិត​ជា​បាន​ប្រាប់​យើង​ពី​ភាព​ខុស​គ្នា​នៅ​ពេល​នេះ​ថា យើង​អាច​ធ្វើ​ឲ្យ​របៀប​លេង​របស់​​ពួក​យើង​ត្រឡប់​មក​ប្រសើរ​វិញ​»​។

ចំណែក​ឯ​គ្រូ​បង្វឹក​របស់​ក្រុម​ម្ចាស់​ផ្ទះ​ Leverkusen លោក Peter Bosz បើ​ទោះ​ជា​ក្រុម​ខ្លួន​បរាជ័យ​ក៏​ដោយ ក៏​នៅ​តែ​និយាយ​សរសើរ​កីឡាករ Wirtz ក្រោយ​​​ក្លាយ​ជា​កីឡាកវ័យ​ក្មេង​បំផុត​អាយុ​ត្រឹម​តែ ​១៧ ​ឆ្នាំ និង ​៣៤ ​ថ្ងៃ ដែល​មាន​លទ្ធភាព​រក​គ្រាប់​បាល់​បាន​នៅ​ក្របខ័ណ្ឌ​​ Bundesliga ពោល​គឺ​បំបែក​កំណត់ត្រា​ចំនួន ៤៨ ​ថ្ងៃ ​របស់​កីឡាករ​ Nuri Sahin របស់​ក្រុម Dortmund ដែល​ធ្វើ​បាន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ​២០០៥។

ក្រឡេក​មើល​ការ​តវ៉ា ​ដែល​​រាល​ដាល​ពី​សហរដ្ឋ​រដ្ឋអាមេរិក​មក​ដល់​តំបន់​អឺរ៉ុប​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ឈ្មោះ George Floyd ក្រោយ​​ប៉ូលិស​ស្បែក​ស​ប្រើ​ជង្គង់​សង្កត់​ក​ជា​ច្រើន​នាទី អំឡុង​​ពេល​មាន​ការ​ចាប់​ខ្លួន​មួយ​នោះ បាន​ធ្វើ​ឲ្យ​ក្លិប​​ជា​ច្រើន​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ ​បាន​យក​ការ​ប្រកួត​នេះ ធ្វើ​សេចក្ដី​រាយការណ៍​រួម​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​របស់​ប៉ូលិស និង​ការ​រើសអើង​ពូជ​សាសន៍​។

ជាក់​ស្ដែង ​ដើម្បី​សម្ដែង​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់ Floyd ​​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ដំណើរការ​​ក្រុម​ទាំង​អស់​ ក្រៅ​ពី​ពាក់​ក្រណាត់​ខ្មៅ​កាន់​ទុក្ខនៅ​នឹង​ដៃ​ហើយ គឺ​កីឡាករ​ទាំង​អស់​បាន​លុត​ជង្គង់​ជុំវិញ​រង្វង់់់​មូល​មួយ​ភ្លែត​ មុន​ចាប់​​​បាល់​ ធ្វើ​ការ​ប្រកួត ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រធាន​ក្រុម Bayern អ្នក​ចាំ​ទី​ដៃ​ទី១ Manuel Neuer ប្រាប់​ទូរទស្សន៍​​​ Sky ថា​៖ «​ក្នុង​នាម​ជា​កីឡាករ ពួក​យើង​តែង​តែ​មានសារ​ដូច​គ្នា​គឺ​ថា​ ការ​អាណិត​អាសូរ ហើយ​ពួក​យើង​ កំពុង​ប្រកាស​ឲ្យ​ពិភព​លោក​ដឹង​»​៕