Man UTD ដាក់សំណើ៨៩លាន ដេញថ្លៃយក Ansu Fati របស់ Barca

0
1003

យោងតាមប្រភពព័ត៌មានក្នុងប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United បានដាក់សំណើដេញថ្លៃយក ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្លិប Barcelona កីឡាករ Ansu Fati។

កីឡាករវ័យ១៧ឆ្នាំ ត្រូវបានក្លិបដំឡើងឲ្យមកលេងក្នុងក្រុមឈុតធំ កាលពីខែសីហា ឆ្នាំមុន ដោយក្នុងរដូវកាលនេះ គេចូលលេងឲ្យ Barca បាន២៤ប្រកួត ក្នុងនោះគេស៊ុតបញ្ចូលទីបាន៥គ្រាប់ និង បញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១ដង។

ជាមួយគ្នានេះ ទម្រង់លេងដ៏លេចធ្លោរបស់ Fati បានទាក់ចិត្តក្លិបធំៗជាច្រើននៅតំបន់អឺរ៉ុប។ ជាក់ស្ដែងកាលពីពេលកន្លងទៅ ក្លិបយក្សអាល្លឺម៉ង់ Borrusia Dortmund ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធស្លាបសញ្ជាតិអេស្ប៉ាញរូបនេះ ទៅលេងនៅក្របខណ្ឌ Bundesliga។

ហើយបច្ចុប្បន្ន កាសែតអេស្ប៉ាញ Sport បានអះអាងថា ក្លិប Man UTD ក៏មានគំនិតនាំយក Fati ទៅកាន់ទឹកដី Old Trafford ផងដែរ ដោយពួកគេ បានដាក់សំណើចំនួន ៨៩លានផោន (ឬប្រមាណ ១១៣លានដុល្លារ) ទៅដល់ Barca ប៉ុន្តែត្រូវបានក្លិបយក្សតំបន់កាតាឡាន់បដិសេធ។

ប្រភពដដែលបានបន្ថែមទៀតថា នៅពេលភ្នាក់ងារលោក Jorge Mendes សាកសួរអំពីលទ្ធភាពនៃការផ្ទេរ Fati ក្លិបរហស្សនាមអ្នកមានបុណ្យ បានតបមកវិញថា ខ្សែប្រយុទ្ធវ័យ១៧ឆ្នាំ មិនមែនសម្រាប់លក់នោះទេ ហើយបើមានក្លិបណាចង់បាន ត្រូវចំណាយលុយទិញផ្ដាច់កុងត្រារហូតដល់ ១៧០លានផោនឯណោះ៕