FA Cup៖ Man Utd ជួប Chelsea ឯ Arsenal ប៉ះ Man City វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

0
639

ក្រុម Manchester United នឹងត្រូវ​តតាំង​ជាមួយ Chelsea ខណៈ Arsenal ប៉ះ​ម្ចាស់​ការពារ​តំណែង​ជើងឯក Manchester City នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ FA Cup ឆ្នាំ​២០២០​។ ទាំង​៤​ក្រុម​សុទ្ធសឹង​ជា​ក្រុម​ជោគជ័យ​សម្រាប់​ពាន FA Cup នេះ ដោយ Arsenal ឈ្នះ​ច្រើនជាងគេ​ដល់​១៣​លើក​។

ក្រុម​បិសាច​ក្រហម ឡើងទៅ​ដល់​វគ្គ​នេះ បន្ទាប់​ពួកគេ​បាន​ទម្លាក់ Norwich City ដោយ​លទ្ធផល ២-១ នា​ការប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​២៧ ខែមិថុនា​។ ដោយឡែក តោ​ខៀវ តាមរយៈ​ការយក​ឈ្នះ​ម្ចាស់ផ្ទះ Leiceser City ១-០ បាន​នាំ​ឲ្យ​ពួកគេ​បាន​កៅអី​វគ្គ​១/២​ផ្តាច់ព្រ័ត្រ​នេះ ហើយ​ចាប់ឆ្នោត​ប៉ះ​ក្រុម Man Utd​។​

​កាំភ្លើង​ធំ ដែលជា​ក្រុម​ជោគជ័យ​បំផុត​សម្រាប់​ពានរង្វាន់​លំដាប់​ទី​ពីរ​បន្ទាប់ពី​លី​គ​ក្នុងស្រុក Premier League ក៏បាន​ឈានដល់​វគ្គ​ពាកកណ្តាល​ផ្តាច់ព្រ័ត្រ​នេះ ដោយ​យកឈ្នះ​ក្រុម Sheffield United ក្នុង​លទ្ធផល ២-១ ក្នុងជំនួប​វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​យប់​ថ្ងៃទី​២៨ ខែសីហា​។ មកដល​វគ្គ​នេះ Arsenal បាន​ចាប់ឆ្នោត​ប៉ះ​ក្រុម​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់ ២០១៩ Man City ដែល​ទម្លាក់ Newcastle United នៅ​វគ្គ ៨​ក្រុម ដោយ​លទ្ធផល ២-០​។​

​ទាំង​៤​ក្រុម​ខាងលើ នឹងត្រូវ​ប៉ះគ្នា​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន Wembley ដូចគ្នា​។ ក្រុម​ដែល​ឈ្នះ​នឹងត្រូវ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើមពាន FA Cup ឆ្នាំ​២០២០ ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែសីហា​។

Arsenal ជា​ក្រុម​ជោគជ័យ​ជាងគេ​សម្រាប់​ពាន FA Cup ដោយ​គ្រង​តំណែង​ជើងឯក​១៣​លើក តាម​ពីក្រោយ​ដោយ Man Utd ដែល​ឈ្នះ ១២​ជំនាន់​។ Chelsea នៅ​លេខ​រៀង​ទី​៣ ធ្លាប់​គ្រង​ជើងឯក​៨​លើក ខណៈ Man City ឈ្នះ​៦​ដង ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨​ក្នុង​តារាង​៕