ទិដ្ឋភាព​សម្រាប់​ក្រប​ខ័ណ្ឌ​ Premier League

0
703

៣​ ខែ​ក្រោយ​គ្រាប់​បាល់​ចុង​ក្រោយយ​បង្អស់ ត្រូវ​បាន​ទាត់​នោះ ក្របខ័ណ្ឌ Premier League បាន​ងើប​ចេញ​ពី​ស្រមោល​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ នៅ​សប្តាហ៍​នេះ​សម្រាប់​អ្វី​ដែលគ្រប់​គ្នា ​នឹង​ឃើញ​មាន​ការ​លេង​យ៉ាង​មមា​ញឹកចំនួន​ ៩២​ ការ​ប្រកួត​​ ឲ្យ​បាន​បញ្ចប់​សព្វគ្រប់​។

ដោយសារ​តែ​ វីរុស​ថ្មី​នេះ​ នៅ​តែ​មាន​ការ​គម្រាម​កំហែង​ដល់​អាយុ​ជីវិត​របស់​ប្រជាជន នៅច​ក្រភព​អង់គ្លេសនៅ​ឡើយ​​ ដូច្នេះការ​វិល​មកមាន​សកម្មភាព​ឡើង​វិញរបស់​ក្របខ័ណ្ឌ Premier League បើ​ទោះ​ជា​លេង​ដោយ​បិទទ្វារ​ក៏ដោយ វាក៏​​នឹង​ផ្ដល់​នូវ​ភាព​រីក​រាយដែល​គ្រប់​គ្នា​កំពុង​ចង់​បាន​ សម្រាប់​អ្នក​គាំ​ទ្រ​បាល់​ទាត់​ដ៏​ងប់​ងុល​ទាំង​ឡាយផងដែរ​​។​​

គ្រប់​ការ​ប្រកួត​នឹង​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​ ដោយ​ភាគ​ច្រើន​ គឺ​ឥត​បង់​ប្រាក់​ឡើយ ហើយ​ការ​ប្រកួត​ប្រជែង​​នោះ នឹង​កើត​មាន​យ៉ាង​លឿនចាប់​ពី​ថ្ងៃ​ពុធត​ទៅ ជាមួយ​នឹង​ការ​ប៉ះ​គ្នា​រវាង​ក្រុមម្ចាស់​ផ្ទះ​មេឃ​ខៀវ Manchester City និងក្រុម​កាំភ្លើង​ធំ Arsenal ហើយក្រុមកំពុង​តស៊ូ​ដើម្បី​រស់ Aston Villa ស្វាគមន៍​ក្រុម​ប្រឹង​ប្រែងដណ្ដើម​កៅអី​ទៅ​លេង​ក្របខ័ណ្ឌ​អឺរ៉ុប Sheffield United។ ប្រសិន​បើ​គ្មាន​ការ​កើន​ឡើង​នៃ​ការ​ការ​ឆ្លង​វីរុស​កូរ៉ូណា​ទេ រដូវ​នេះនឹង​បញ្ចប់​ទាំង​ស្រុង នៅ​ថ្ងៃ​ទី​ ២៦ ខែ​កក្កដា​។​ ​​ ​

យ៉ាង​ណា​មុន​នឹង​រដូវកាល​នៃ​លីក​លំដាប់​កំពូល​របស់​ប្រទេស​អង់គ្លេសនេះ ចាប់​ផ្ដើម​យុទ្ធនាការ​របស់​ខ្លួន​ឡើង​វិញ​តាម​ការ​គ្រោង​ទុក​ មាន​រឿង​រ៉ាវ​ខ្លះ​ៗ ដែល​គួ​រ​ឲ្យ​ចាប់​អារម្មណ៍​ផងដែរ ដូច​ជា​តំណែង​ជើង​ឯក​ ការ​ប្រកួត​ដណ្ដើម​ចំណាត់​​ដើម្បី​ទៅលេង​នៅ​តំបន់​អឺរ៉ុប និង​ការ​ប្រជែង​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ទៅ​លីកលំដាប់​ទី​ ២​។​

និយាយ​ពី​ក្រុម​ដែល​ស្ទើរ​តែ​ក្លាយ​ជាម្ចាស់​ពានទៅ​ហើយ​នោះ គ្មាន​នណារម្នាក់​ហ៊ាន​ប្រកែក​ថា​ មិន​មែន​ក្រុម Liverpool ឡើយ បើ​ទោះ​ជា​មុន​អ្វី​គ្រប់​​យ៉ាង​ត្រូវ​បាន​ផ្អាក ក្រុម​របស់​​គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់លោក Juergen Klopp ហាក់​ដូច​ជា​ធ្លាក់​ទម្រង់​លេង​បន្តិច​ ដោយ​ការ​ប្រកួត​ចាញ់​ផ្ទួន​ៗ ក្នុង​៣​កម្មវិធី​ផ្សេង​គ្នា​ក៏​ដោយ​ ព្រោះ​មាន​ពិន្ទុ​នាំ​មុខ​ដាច់​ដល់​ទៅ ២៥ ​ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​តែ​ ៩​ សប្ដាហ៍​ប៉ុណ្ណោះ​​​។

នៅក្រប​ខ័ណ្ឌ Premier League ​​​ក្រុម Liverpool ដែល​សង្ឃឹម​ថា ខ្លួន​នឹងអាច​លើក​ពាន​មាស​ ដោយ​ការ​លេង​មិន​ចាញ់​សោះ​ ក្នុង ​១​ រដូវកាល ត្រូវបាន​រលាយ​ ក្រោយ​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វី​ជើង​ក្រុម​ម្ចាស់​ផ្ទះ​​​ Watford ៣-០។ បន្ទាប់​មក​ក៏​ទៅ​ចាញ់​ក្រុម​តោ​ខៀវ Chelsea ២-០ ធ្លាក់​ចេញ​ពីកម្មវិធី FA Cup។​​ តែ​បរាជ័យ​ទាំង​២​លើក​នេះ អាច​ប្រហែលមិន​​ធ្វើ​ក្រុម​ហង្សក្រហម​​មាន​ការ​សោក​ស្ដាយ​ស្មើ​នឹង​ការ​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ Champions League នោះ​ទេ ក្រោយ​ប្រកួត​ ទាំង​ ២​ ជើង ចាញ់​​ Atletico Madrid ៣-២​។

តែ​សង្គ្រាម​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ គឺ​ការ​ដណ្ដើម​​តំណែង​ក្រុម​កំពូល​ទាំង​៤ (Top 4) ជាពិសេស​សម្រាប់​ក្រុម​ដែល​ទាញ​ឱកាស ពេល​​​ក្រុម Manchester City ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​ចូល​ប្រកួត​ប្រជែងនៅ​តំបន់​អឺរ៉ុប ប្រសិន​ក្រុម​របស់​ Pep Guardiola បរា​ជ័យ​សម្រាប់​​បណ្ដឹង​ឧទ្ធរណ៍​ ហើយ​ក្រុម​ដែល​កំពុង​ប្រទាញ​ប្រទង់​គ្នា​ខ្លាំង​ គឺ Chelsea លេខ​៤ និង Manchester United ​លេខ​ ៥។

ទទួល​បាន​ការ​ចាប់​អារម្មណ៍​មិន​ខុស​គ្នា​ដែរ គឺ​ការ​ប្រកួត​ប្រជែង​ ដើម្បី​រស់​នៅ​លីក​កំពូល ដ្បិត​ក្រុម​ចាប់​ពី​ចំណាត់​ថ្នាក់​ទី​១៥​ ចុះ​ក្រោម​ នៅ​មិន​ទាន់​មាន​ក្រុម​ណា ១ ដែល​មាន​សុវត្ថិ​ភាពនៅ​ឡើយ​ទេ ពោល​គឺសុទ្ធ​តែ​អាច​ត្រូវ​បាន​កាត់​ទម្លាក់​ទៅ​លីក​លំដាប់​ទី​ ២ ដូច​ៗ​គ្នា។ ជាមួយ​គ្នា​នេះ សូម្បីក្រុម​ Norwich City ទោះ​ពេល​នេះ ឈរ​នៅ​បាត​តារាង ក៏​មាន​សង្ឃឹមបន្ត​ជីវិត​នៅ Premier League បាន​ដែរ បើ​ប្រកួត​ដែល​នៅ​សល់​ធ្វើបាន​លទ្ធផល​ល្អ ព្រោះ​ថា​ ​តាម​ពីក្រោយ​ក្រុម​នៅ​ទី​សុវត្ថិភាព​តែ ៦ពិន្ទុ​ប៉ុណ្ណោះ​៕