ខ្សែបម្រើ Paul Pogba គឺជាតារាឆ្នើមមានភាពជាអ្នកដឹកនាំមួយរូបលើពិភពលោក ពេលគេជួយឱ្យបារាំងលើកពាន World Cup ឆ្នាំ២០១៨ ប៉ុន្តែគេបានបរាជ័យបង្កើតវាម្ដងទៀត នៅពេលគេគ្រងអាវរបស់ក្រុមបិសាចក្រហម។ ដូច្នេះលោក OLE GUNNAR SOLSKJAER បាននឹងកំពុងជំរុញឱ្យកីឡាករនេះ ឱ្យបង្ហាញវាឡើងវិញ។
មុនប្រកួតជាមួយ Tottenham នៅយប់កនេះលោក OLE ប្រាប់ថា ៖«គាត់ជាអ្នកឈ្នះ World Cup ហើយពួកយើងចង់ឱ្យគាត់មានភាពជាអ្នកដឹកនាំនោះដូចគ្នា។ គាត់ជាកីឡាករល្អលំដាប់ពិភពលោក ដូច្នេះយើងសង្ឃឹមនឹងទទួលបាន (ភាពដឹកនាំ) ឆាប់ៗខាងមុខ»។
ខ្សែបម្រើវ័យ២៧ឆ្នាំ បានជាសះស្បើយពេញលេញហើយ ក្រោយរបួសកជើងអស់រយៈពេលយូរ ខណៈលោក Solskjaer ជឿជាក់ថា អ្នកគាំទ្រនឹងបានឃើញកីឡាករលំដាប់ Pogba ដែលផ្ទេរពី Juventus ក្នុងតម្លៃខ្លួន ៨៩លានផោន កាលពីឆ្នាំ២០១៦ លេងល្អឡើងវិញ។
លោក SOLSKJAER បញ្ជាក់ ៖«ពិតណាស់ រដូវកាលនេះ Paul ញាំញីដោយរបួស ប៉ុន្តែខ្ញុំបានឃើញចិត្តគំនិតស្មារតី និងការផ្ដោតរបស់គាត់ល្អឡើងវិញ ហើយក៏បានចូលហ្វឹកហាត់ដែរ។ គាត់បានត្រៀមរួចរាល់ ដើម្បីបង្ហាញថាគាត់តែងតែមានគុណភាពល្អជានិច្ច»។
កីឡាករ Nemanja, Scott, Fred មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ចំណែក Bruno ក៏មានឥទ្ធិពលខ្លាំងណាស់ដែរ ប៉ុន្តែលោក Solskjaer ជឿជាក់ Paul ជាកីឡាករមានគុណភាពម្នាក់ ដែលកីឡាករផ្សេងគ្មានដូច៕