នៅថ្ងៃទី១ ខែឧសភាឆ្នាំ ១៩៩០ Liverpool បានដណ្តើមយកជើងឯកលីគកំពូលអង់គ្លេស ដែលកាលនោះនៅមានឈ្មោះថា First Division សម្រាប់រដូវកាល ១៩៨៩-៩០។ ចាប់តាំងពីពេលនោះ រហូតដល់មានការផ្លាស់ប្តូរឈ្មោះលីគទៅជា Premier League ក្នុងឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន ពោលគឺរយៈពេល៣០ឆ្នាំក្រោយ ទើបហង្សក្រហមស្គាល់រសជាតិលើកពានក្របខណ្ឌកំពូលនេះម្តងទៀតនៅក្នុងរដូវកាល ២០១៩-២០។ ចង់ដឹងថាតើ Liverpool ចំណាយប្រាក់អស់ប៉ុន្មាន ហើយកីឡាករ និងគ្រូបង្វឹកចំនួនប៉ុន្មាននាក់ហើយក្នុងរយៈពេល៣ទសវត្សរ៍មកនេះ យើងនឹងបង្ហាញដូចខាងក្រោម។
ចាប់តាំងពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០២០ Liverpool បាននាំចូលកីឡាករសរុបចំនួន២៣៩រូប ដោយកីឡាករដំបូងរបស់ពួកគេមកកាន់ទឹកដី Anfield គឺខ្សែប្រយុទ្ធអ៊ីស្រាអែល Ronny Rosenthal ពីក្រុម Standard Liege ក្នុងតម្លៃ ១,២៤លានដុល្លារអាមេរិក។ កីឡាករចុងក្រោយដែលហង្សក្រហមទទួលបានគឺខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Takumi Minamino ដែលលោក Jurgen Klopp នាំចូលមកពីក្រុម Red Bull Salzburg ក្នុងតម្លៃ ៩,៤៤លានដុល្លារអាមេរិក។
ចំណោមកីឡាករទាំង ២៣៩រូប ដែលមានកីឡាករខ្លះជោគជ័យ និងមិនជោគជ័យនោះ Liverpool បានចំណាយប្រាក់សរុបអស់ចំនួន ១,៤៤៧ លានផោន ដែលស្មើនឹង ១,៨២ ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមតួលេខពី Transfermarkt។
កីឡាករដែលហង្សក្រហមទិញចូលថ្លៃជាងចំនួន១៥រូបក្នុងចំណោមនោះរួមមាន Virgil Van Dijk, Alisson Becker, Naby Keita, Mohamed Salah, Fabinho Tavarez, Andy Carroll, Alex Oxlade-Chamberlain, Christian Benteke, Sadio Mané, Roberto Firmino, Adam Lallana, Georginio Wijnaldum, Luis Suarez, Fernando Torres និង Dejan Lovren។
Liverpool បានបង្ហាញភាពភ្ញាក់ផ្អើល និងលេចធ្លោបំផុតនៅចន្លោះឆ្នាំ ២០០៥ និង ២០០៨ នៅពេលដែលពួកគេបាននាំចូលកីឡាករដល់ទៅ ៤០ នាក់ក្នុងរយៈពេលតែ ៣ រដូវកាល ក្រោមការគ្រប់គ្រងរបស់លោក Rafael Benitez។ យ៉ាងណាក៏ដោយ ការនាំចូលកីឡាករដ៏ច្រើននេះ មិនមានតម្លៃផ្ទេរថ្លៃៗដូចជំនាន់លោក Jurgen Klopp ដែលឡើងជាអ្នកចាត់ការទូទៅចាប់ពីឆ្នាំ ២០១៥ នោះឡើយ។
ចាប់តាំងពីអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះចូលទៅដឹកនាំដំបូងនៅរដូវកាល ២០១៥-១៦ រហូតដល់រដូវកាល ២០១៩-២០ លោកបានទិញចូលកីឡាករក្នុងតម្លៃសរុបអស់ ៥១៥,៥៩លានផោន (៦៤០លានដុល្លារអាមេរិក) ក្នុងនោះរដូវកាល ២០១៨-១៩ ក្លិបបានចំណាយច្រើនបំផុត ១៦៣,៩៨លានផោន (២០៣លានដុល្លារអាមេរិក)។
បើយោងតាមតួលេខពី Transfermarkt ក្លិប Liverpool បានចំណាយប្រាក់ ១,៨២ ពាន់លានដុល្លារអាមេរិកទៅលើកីឡាកររយៈពេល ៣០ឆ្នាំ ដើម្បីឈ្នះជើងឯកលីគកំពូលអង់គ្លេសជាលើកទី ១៩។ ដោយឡែក អ្នកចាត់ការទូទៅផ្លូវការរបស់ Liverpool ចាប់តាំងពីឆ្នាំ ១៩៩០ រហូតដល់ឆ្នាំ ២០២០ មានចំនួន ៩ រូប ក្នុងនោះរួមមានលោក Kenny Dalglish (១៩៩០-៩១), Graeme Souness (១៩៩១-៩៤), Roy Evans (១៩៩៤-៩៨), Gerrard Houllier (១៩៩៨-០៤), Rafael Benitez (២០០៤-១០), Roy Hodgson (២០១០-១១), Kenny Dalglish (២០១១-១២), Brendan Rodgers (២០១២-១៥) និង Jurgen Klopp (២០១៥-បច្ចុប្បន្ន)៕