លោក Frank Lampard ជឿជាក់ថា វាពិតជាលំបាកណាស់សម្រាប់ Chelsea ក្នុងការទទួលបានកៅអីលេងក្នុងក្របខណ្ឌ Champions League រដូវកាលក្រោយ បើទោះបច្ចុប្បន្នក្រុមលោកស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាង Premier League ក៏ដោយ។ Lampard និយាយបែបនេះក្រោយក្រុមតោខៀវទទួលបានជ័យជម្នះ ១-០ លើ Norwich City នៅយប់ថ្ងៃទី១៤ ខែកក្កដា។
គ្រាប់បាល់ស៊ុតបញ្ចូលទីនៅចុងម៉ោងក្នុងតង់ទី១ ដែលសម្រេចបានដោយខ្សែប្រយុទ្ធ Olivier Giroud គឺគ្រប់គ្រាន់ដើម្បីជួយ Chelsea ទទួលបាន៣ពិន្ទុបន្ថែមនាការប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី៣៦ នៅឯកីឡដ្ឋាន Stamford Bridge។ ជ័យជម្នះលើ Norwich City ១-០ បាននាំឲ្យក្រុមលោក Lampard រក្សាចំណាត់ថ្នាក់ទី៣ដដែល ដោយមាន ៤ ពិន្ទុនាំមុខលើក្រុម Leicester City និង Manchester United ដែលស្ថិតនៅលេខ ៤ និងលេខ ៥ តែសល់១ប្រកួតក្នុងដៃរៀងៗខ្លួន។
បើទោះរកបាន៣ពិន្ទុពីជំនួបនេះ ប៉ុន្តែក្រុមតោខៀវនៅសល់ភារកិច្ចសំខាន់ចំនួនពីរប្រកួតទៀត ដោយត្រូវប៉ះក្រុមខ្លាំង Liverpool និង Wolves ដើម្បីបញ្ចប់យុទ្ធនាការលីគកំពូលអង់គ្លេសរដូវកាលនេះ និងដើម្បីប្រាកដថាពួកគេអាចបញ្ចប់ក្នុងចំណាត់ថ្នាក់ Top 4 ដែលអាចទទួលបានកៅអី Champions League។
ដោយសារតែត្រូវជួបសុទ្ធតែក្រុមរឹងមាំបែបនេះហើយ ទើបអ្នកចាត់ការទូទៅ Chelsea ជឿជាក់ថា ក្រុមរបស់លោក នៅតែប្រឈមមុខខ្លាំងក្នុងការដណ្តើមយកកៅអីក្របខណ្ឌកំពូលអឺរ៉ុបនៅរដូវកាលក្រោយ។
លោក Lampard បានរៀបរាប់ក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតថា៖ «តទល់នឹង Liverpool និង Wolves គឺជាគូប្រជែងដ៏អស្ចារ្យ។ យើងត្រូវផ្តោតលើការប្រកួតទាំងពីរនេះម្តងមួយៗដោយរៀបចំឲ្យត្រឹមត្រូវ ហើយខ្ញុំគិតថាយើងធ្វើបានល្អពេលតតល់នឹង Norwich ប៉ុន្តែប្រកួតទាំងពីរចុងក្រោយនេះនឹងមិនងាយស្រួលឡើយ»។
Lampard វ័យ៤២ឆ្នាំ បានឡើងដឹកនាំ Chelsea នៅពាក់កណ្តាលរដូវកាលមុន ដោយជួយក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup និងបានកៅអី Champions League រដូវកាលនេះ។ Chelsea នឹងត្រូវតតាំងជាមួយ Bayern Munich ក្នុងជំនួបជើងទី២ វគ្គ ១៦ ក្រុមចុងក្រោយកៅអី Champions League ខណៈពួកគេបានរងបរាជ័យ ៣-០ កាលពីជើងទី ១៕