បីសាចក្រហម នៅមិនទាន់បានបញ្ចប់ភារកិច្ចរបស់ខ្លួននៅឡើយទេ

0
696

ក្រុម​ដែល​ហាក់​ដូច​ជា​ខ្សោះ​កម្លាំង Manchester United បាន​ត្រឹម​ស្មើ​ ១-១ នៅ​ផ្ទះ​ខ្លួន​ឯង ជាមួយ​ក្រុម​ West Ham United កាល​ពី​ថ្ងៃ​ពុធ ដែល​លទ្ធផល​នេះ ធ្វើ​ឲ្យ​ពួក​គេ​មិន​ត្រូវ​ចាញ់​ដាច់​ខាត ពេល​ប្រកួត​បិទ​រដូវ​កាល​​ក្របខ័ណ្ឌ Premier League ទល់​នឹង​ក្រុម​​ Leicester City បើ​ចង់​ធានា​​នូវ​កៅអី ១ សម្រាប់​បាន​​ទៅ​លេង​នៅ Champions League​។​

សម្រាប់​ក្រុម​ West Ham ពិន្ទុ​នេះ សំខាន់​ណាស់ ព្រោះ​គ្រប់គ្រាន់​សម្រាប់​ជួយ​ឲ្យ​ពួក​គេ​រួច​ផុត​ពី​កាត់​ទៅ​លីក​ទី២ ដោយ​មិន​​បាច់​ខ្វល់​ពី​លទ្ធផល​​​នៃ​ការ​ប្រកួត​​​ចុង​ក្រោយ ព្រោះ​ពេល​នេះ បាន​ឡើង​ទៅ​ដល់​លំដាប់​ទី​១៥ ជាមួយ​នឹង ៣៨ ពិន្ទុ ដោយ​នាំ​មុខ​ដាច់ ៤ ​ពិន្ទុ លើ​ក្រុម​លេខ ​១៨ Watford​។

តែ​លទ្ធផល​នេះ​បង្ហាញ​​ថា ក្រុម​ដែល​ត្រូវ​ប្រកួត​ប្រជែង​យក​ចំណាត់​ថ្នាក់ ដើម្បី​បាន​លេង​ក្របខ័ណ្ឌ​កំពូល​របស់​អឺរ៉ុប ត្រូវ​រង់ចាំ​សម្រេច​ចុង​ក្រោយ​នៅ​សប្ដាហ៍​​ទី ​៣៨ ព្រោះ​ពេល​នេះ គ្មាន​ក្រុម​ណា​​មាន​ពិន្ទុ​ដាច់​ឡើយ ដោយ​​​ក្រុម Man United ឈរ​នៅ​ទី​៣ មាន ៦៣ ​ពិន្ទុ ស្មើ​ក្រុម​លេខ ​៤ Chelsea តែ​សល់​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​ ខណៈ​ក្រុម​លេខ ​៥ Leicester កំពុង​តាម​ពី​ក្រោយ ១ ​ពិន្ទុ​។

ក្រោយ​ខក​ចិត្ត​ដោយសារ​ធ្លាក់​ពី​កម្មវិធី FA Cup ត្រឹម​វគ្គ ​១/២ ព្រោះ​ចាញ់ Chelsea ៣-១ នៅ​កីឡដ្ឋាន Wembley កាល​ពី​ថ្ងៃ​អាទិត្យ លោក Solskjaer សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​វិជ្ជមាន​ពី​កូន​ក្រុម​ តែ​ផ្ទុយ​ស្រឡះ មើល​ទៅ​ហាក់​ដូច​ជា​បាត់បង់​ថាមពល និង​គ្មាន​សម្ទុះ​ទាល់​តែ​សោះ។

សម្រាប់​ការ​ប្រកួត​ ដែល​ជា​ឱកាស​​​ធានា​នូវ​ចំណាត់​ថ្នាក់​ ក្នុង​ក្រុម​នៅ​ទី​កំពូល​ទាំង ​៤ របស់​ក្រុម​ម្ចាស់​ផ្ទះ ប្រសិន​បើ​ឈ្នះ​ តែ​ការងារ​ធ្ងន់​​កំពុង​រង់ចាំ ក្រោយ​ក្រុម West Ham របស់​លោក David Moyes ទទួល​បាន​បាល់​ពិន័យ ១១ ​ម៉ែត្រ នៅ​នាទីទី​៤៥+២ ដោយសារ​បាល់​ប៉ះ​ដៃ​កីឡាករ Paul Pogba ដែល​លើក​រង​មុខ​ខ្លួន​ឯង ខណៈ​​កីឡាករ Michail Antonio ក៏​មិន​ខ្ជះខ្ជាយ​ឱកាស​នេះ ដោយ​ការ​ស៊ុត​បំប៉ោង​សំណាញ់​ទី​បាន​យ៉ាង​ល្អ​ ជួយ​ឲ្យ​ក្រុម​ខ្លួន នាំ​មុខ​​បណ្ដោះ​អាសន្ន ១-០ ពេល​ចប់​វគ្គ​ទី​១​។

ក្រោយ​ត្រឡប់​ពី​សម្រាក ១៥ ​នាទី ក្រុម​បិសាច​ក្រហម​ ចាប់​ផ្ដើម​សម្រុក​រក​គ្រាប់​បាល់​តាម​ស្មើ ហើយ​ជាថ្មី​ម្ដង​ទៀត កីឡាករ​ដ៏​មាន​ទេព​កោសល្យ Mason Greenwood វ័យ​ទើប ១៨ ​ឆ្នាំ បាន​ជួយ​ឲ្យ​ក្រុម​ចាប់​ផ្ដើម​មាន​សង្ឃឹម​ឡើង​វិញ ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី នៅ​នាទីទី​៥១ ដែល​នោះ​​ជា​​គ្រាប់​បាល់​ទី ​១៧ របស់​គេ គិត​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់​។ តែ​ក្រោយ​ពី​មាន​លទ្ធផល​ស្មើ​ ១-១ ក្រុម​ទាំង ​២ មិន​អាច​ធ្វើ​អ្វី​គ្នា​បាន​ឡើយ រហូត​ដល់​សំឡេង​កញ្ចែ​ចុង​ក្រោយ​បាន​បន្លឺ​ឡើង​។

គ្រូបង្វឹក​សញ្ជាតិ​ន័រវែស លោក Solskjaer ​និយាយ​ថា៖ «​នៅ​ពេល​យើង​ចាប់​ផ្ដើម​វិញ ក្រោយ​ការ​បិទទ្ធារ​ប្រទេស យើង​ប្រឹង​ប្រែង​ ដើម្បី​ជ័យ​ជម្នះ។ យើង​ប្រឹង​ប្រែង ដើម្បី​មាន​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន និង​បាន​ពិន្ទុ​រាល់​ការ​ប្រកួត​។ ការ​ប្រឹងប្រែង​នោះ ពិត​ជា​អស្ចារ្យ​ណាស់ ហើយ​លទ្ធផល​ក៏​អស្ចារ្យ​ដែរ​»។

ពាក់ព័ន្ធ​នឹង​ការ​ប្រកួត អ្នក​ចាត់​ការ​វ័យ ៤៧ ​ឆ្នាំ ប្រាប់​ថា​៖ «និយាយ​ពី​វគ្គ​ទី​១ យើង​ដឹង​ថា វា​មិន​មែន​ជា​លទ្ធផល ដែល​យើង​ចង់​បាន​នោះ​ទេ​។ តែ​អ្នក​មិន​អាច​រំពឹង​ផ្លាស់​ប្ដូរ​ក្រុម ដូច​ដែល​យើង​ចង់​ឲ្យ​មាន​ទិដ្ឋភាព​ខុស​ប្លែក សម្រាប់​​ថ្ងៃ​អាទិត្យ​​នោះ​ឡើយ។ តែ​យ៉ាង​ណា យើង​បាន​ផ្ដល់​ឲ្យ​ក្រុម​យើង​​នូវ​ឱកាស​ដ៏​អស្ចារ្យ និង​ភាព​រឹង​មាំ​សម្រាប់​ការ​ប្រកួត​នា​ថ្ងៃ​អាទិត្យ​នេះ​»​៕