Man UTD គ្រោងផ្ដល់ប្រាក់ខែ ឲ្យកីឡាករឆ្នើមប្រចាំក្រុម At. Madrid រូបនេះ ច្រើងជាងមុនសឹងតែគុណនឹង២

0
721

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបបិសាចក្រហម Manchester United មានគម្រោង ផ្ដល់ប្រាក់ពលកម្មទៅដល់ខ្សែបម្រើ Saul Niguez ច្រើនជាងប្រាក់ឈ្នួល ដែលគេទទួលបានបច្ចុប្បន្ននៅក្លិប Atletico Madrid ចំនួន៨ម៉ឺន៥ពាន់ផោន ក្នុង១សប្ដាហ៍។

ក្លិបយក្សនៅក្របខណ្ឌ Premier League មានចំណាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ ជាយូរណាស់មកហើយ ប៉ុន្តែរូបគេមានតម្លៃទិញផ្ដាច់កុងត្រាក្នុងកិច្ចសន្យារហូតដល់ ១៣៥លានផោន (ឬប្រមាណ ១៦៩លានដុល្លារ) ឯណោះ។

យ៉ាងណាមិញ យោងតាមការចុះផ្សាយរបស់កាសែត The Sun ក្លិប Man UTD នឹងព្យាយាមនាំយក Niguez មកកាន់​ Old Trafford តាមរយៈការដំឡើងប្រាក់ពលកម្មរបស់គេ ពី ១១៥,០០០ផោន ទៅ ២០០,០០០ ផោន ក្នុង១សប្ដាហ៍។

ប្រភពខាងលើ បានបន្ថែមទៀតថា ក្រៅពីការដំឡើងប្រាក់ខែ ក្លិបជើងឯក Premier League ១៣សម័យ បានរៀបចំកញ្ចប់ទឹកប្រាក់៧០លានផោន (ឬប្រហែល ៨៨លានដុល្លារ) សម្រាប់ដាក់សំណើដេញថ្លៃ យកជម្រើសជាតិអេស្ប៉ាញ។

គួររម្លឹកផងដែរថា ខ្សែបម្រើ Saul Niguez បានផ្ទេរមកចូលរួមជាមួយ At. Madrid តាំងពីឆ្នាំ២០១៤ មកម្ល៉េះ ខណៈកុងត្រារបស់គេនៅកីឡដ្ឋាន Wanda Metropolitano នៅមានសុពលភាពរហូតដល់ឆ្នាំ២០២៦។ ដោយឡែក ក្នុងរដូវកាលនេះ គេរកបាន៤គ្រាប់ ឲ្យក្រុមយក្សអេស្ប៉ាញ ក្នុងចំណោមការបង្ហាញខ្លួន៣៧ប្រកួត៕