ក្លិបធំៗចំនួន៥នៅ Premier League កំពុងចោមរោមចង់បានតារាឆ្នើមរបស់ Liverpool ម្នាក់នេះ

0
699

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិប​ Burnley បានចូលខ្លួនប្រជែងជាមួយនឹងក្លិបធំៗចំនួន៤ ក្នុងក្របខណ្ឌ​ Premier League ស្រវាយកខ្សែបម្រើឆ្នើមរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Adam Lallana ។

អនាគតរបស់ខ្សែបម្រើវ័យ៣២ឆ្នាំ ជាមួយនឹង Liverpool កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយសារតែកុងត្រារបស់គេនៅកីឡដ្ឋាន​ Anfield នឹងផុតកំណត់នាដំណាច់រដូវកាលនេះ។

ទន្ទឹមនឹងរូបគេ ខិតជិតក្នុងការចែកផ្លូវគ្នា ជាមួយក្រុមលោក Jurgen Klopp ក្នុងនោះមានក្លិបគូប្រជែងរបស់ Liverpool ជាច្រើនត្រូវបានគេរាយការណ៍មកថា កំពុងបើកទា្វរចាំទទួលយកខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ។

ជាក់ស្ដែងបើយោងតាម របាយការណ៍របស់កាសែត The Mirror ក្លិប Burnley, Leicester City, Arsenal, Tottenham Hotspur និង West Ham United កំពុងបាញ់រ៉ាដាមកលើ ម្ចាស់អាវលេខ២០របស់ Liverpool ម្នាក់នេះ។

គួររម្លឹកផងដែរថា Lallana បានចាកចេញពីក្លិប Southampton មករួមរស់ជាមួយ Liverpool កាលពីរដូវក្ដៅឆ្នាំ២០១៤។ ដោយឡែករយៈពេល៦ឆ្នាំ នៅកីឡដ្ឋាន Anfield ខ្សែបម្រើកម្ពស់ ១,៧២ម៉ែត្រ បង្ហាញខ្លួនឲ្យក្លិបរហស្សនាម ហង្សក្រហមសរុប បាន១៧៨ប្រកួត ស៊ុតបញ្ចូលទីបាន២២គ្រាប់។

មិនត្រឹមតែប៉ុណ្ណោះ គេធ្លាប់មានស្នាដៃជួយក្លិបយក្សអង់គ្លេស លើកពានរង្វាន់ធំៗបានចំនួន៣ រួមមានពាន Champions League ពាន FIFA Club World Cup និង ពាន UEFA Super Cup៕