តើក្រុមនៅ Old Trafford នៅតែបន្តចំណាយលុយលើទីផ្សារដោះដូរកីឡាករក្នុងទីផ្សារខែមករានេះដែរឬទេ?
ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបដំបូងគេ ដែលបានចំណាយថវិកាច្រើននៅទីផ្សាររដូវក្ដៅកន្លងមកនេះ ដោយមានកុងត្រាតម្លៃប្រហែល ៧៣ លានផោនសម្រាប់ Jadon Sancho បន្ទាប់មកពួកគេក៏បានចុះកុងត្រាថ្មី២ទៀតគឺទៅលើ Cristiano Ronaldo និង Raphael Varane ប៉ុន្តែទោះបីជាបាននាំកីឡាករឆ្នើមទាំងនេះមកកាន់ក្លឹបក៏ដោយ ក៏ទម្រង់លេងរបស់បីសាចក្រហមនៅមិនទាន់អាចឆ្លើយតបបានល្អប្រសើរនៅឡើយទេ។
នាពេលបច្ចុប្បន្ននេះវាមិនពិបាកទេ ក្នុងការមើលឃើញថាតំបន់ខ្សែបម្រើរបស់ក្រុម Man Utd កំពុងមានបញ្ហាកង្វាកខាតធ្ងន់ធ្ងរនៅពេលដែលពួកគេខ្វះខ្សែបម្រើការពារដ៏ល្អម្នាក់។ គួរកត់សម្គាល់ថាគ្រូបង្វឹកលោក Ole Gunnar Solskjaer អាចធ្វើឱ្យតំបន់នេះប្រសើរឡើងទាំងស្រុងនៅលើទីផ្សារនាពេលខាងមុខ។
BBC បានដកស្រង់ប្រភពពី Star Sunday ដោយនិយាយថា ទោះបីជាមានការចំណាយច្រើននៅរដូវក្តៅកន្លងមកក៏ដោយ ក៏ក្រុមប្រឹក្សាភិបាលរបស់ Man Utd នៅតែមានបំណងវិនិយោគបន្ថែម ៧០ លានផោនបន្ថែមទៀតសម្រាប់ទីផ្សារដោះដូរកីឡាកររដូវរងារនេះ។ ទោះយ៉ាងណាក៏ដោយក្នុងលក្ខខណ្ឌមួយដែលពួកគេមានអារម្មណ៍ថាបិសាចក្រហមនៅតែអាចប្រជែងដណ្តើមពាន Premier League បាន។ នៅពេលនេះ Man Utd ត្រូវបានធ្លាក់ចេញពី Top 4 បន្ទាប់ពីបរាជ័យយ៉ាងធ្ងន់ធ្ងរលើ Leicester City ៕