នៅព្រឹកថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២២នេះ U23 វៀតណាម បានធ្វើដំណើរទៅកាន់ទីក្រុង Binh Duong ដើម្បីហ្វឹកហាត់ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFF U.23 Championship 2022 នៅកម្ពុជា។
បន្ទាប់ពីសម្រាកបុណ្យចូលឆ្នាំវៀតណាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់យុវជនវៀតណាម នាព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ គ្រូបង្វឹក Dinh The Nam និងក្រុមការងារបានធ្វើដំណើរមកកាន់ទីក្រុង Binh Duong ដើម្បីហ្វឹកហាត់។ យោងតាមផែនការ U23 វៀតណាមនឹងហ្វឹកហាត់នៅទីក្រុង Binh Duong ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈដល់ថ្ងៃទី ១០ ខែកុម្ភៈក្នុងគោលបំណងដើម្បីឱ្យកីឡាករបានស្គាល់ពីស្ថានភាពអាកាសធាតុស្រដៀងគ្នានៅក្នុងរាជធានីភ្នំពេញ។ បន្ទាប់មកក្រុមទាំងមូលនឹងទៅកម្ពុជានៅថ្ងៃទី១១ ខែកុម្ភៈ ដើម្បីចូលរួមការប្រកួត AFF U.23 Championship 2022។
បច្ចុប្បន្ន U23 វៀតណាមមានវត្តមាននៅទីក្រុងហូជីមិញ ហើយធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ទីក្រុង Binh Duong។ គេរំពឹងថា ក្រុមរបស់លោកគ្រូបង្វឹក Dinh The Nam នឹងមានការប្រកួតមិត្តភាពជាមួយក្រុម Binh Duong U18 មុនពេលបញ្ចប់បញ្ជីឈ្មោះផ្លូវការមកកម្ពុជា។
ការប្រកួតពានរង្វាន់ AFF U.23 Championship 2022 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ នៅប្រទេសកម្ពុជា។ U23 វៀតណាម ស្ថិតក្នុងពូល C ជាមួយថៃ និងសិង្ហបុរី៕