មហាសេដ្ឋីរុស្សី Roman Abramovich នឹងលក់ក្លិប Chelsea ឆាប់ៗនេះ។ លោក Abramovich លក់ក្លិបដែលខ្លួនគ្រប់គ្រង១៩ឆ្នាំ ដើម្បីរក្សាប្រជាប្រិយភាព និងភាពរុងរឿងរបស់ក្លិប ហើយសន្យាថាលុយលក់បាននឹងបរិច្ចាគជួយជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។
នៅក្នុងសេចក្តីប្រកាសលើគេហទំព័រផ្លូវការបស់ក្លិបតោខៀវនៅថ្ងៃទី២ ខែមីនា អ្នកជំនួញសញ្ជាតិរុស្ស៊ី Abramovich លើកឡើង ថាគម្រោងលក់ក្លិបនៅលីគកំពូលអង់គ្លេស Premier League ជាការសម្រេចដ៏លំបាកបំផុតសម្រាប់លោក។
ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់លោក Abramovich ឱ្យរងទណ្ឌកម្ម បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះ មហាសេដ្ឋីប្រេង និងលោហធាតុរូបនេះរៀបរាប់ថា ការលក់ក្លិបគឺដើម្បីជាផលប្រយោជន៍ធំរបស់ក្លិបម្ចាស់ជើងឯកអឺរ៉ុប UEFA Champions League រដូវកាលមុនមួយនេះ។
«ការសម្រេចចិត្តដ៏លំបាកមិនគួរឱ្យជឿ ដែលធ្វើឱ្យខ្ញុំឈឺចាប់។ នៅក្នុងស្ថានភាពបច្ចុប្បន្ន ខ្ញុំបានសម្រេចចិត្តលក់ក្លិបនេះ ព្រោះខ្ញុំជឿថានេះជាវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់ក្លិប អ្នកគាំទ្រ បុគ្គលិក ក៏ដូចជាអ្នកឧបត្ថម្ភ និងដៃគូរបស់ក្លិប»។ នេះជាការបញ្ជាក់របស់លោក Abramovich នៅក្នុងសេចក្តីប្រកាសរបស់ក្លិប Chelsea។
អ្វីដែលគួរចាប់អារម្មណណ៍ Abramovich នឹងមិនស្នើសុំប្រាក់ដែលក្លិប Chelsea ខ្ចីខ្លួនចំនួន២ពាន់លានដុល្លារវិញនោះទេ ហើយការលក់ក្លិបក៏នឹងមិនត្រូវចាំបាច់គិតគូរប្រាក់ភ្លាមៗនោះដែរ។
ពិសេសជាងនេះទៅទៀត ប្រាក់ទាំងអស់ដែលទទួលបានពីការលក់ក្លិប Chelsea មហាសេដ្ឋីពាន់លានវ័យ៥៥ឆ្នាំ នឹងបញ្ចូលទៅក្នុងមូលនិធិសប្បុរសធម៌ដើម្បីជួយដល់ជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែនទាំងអស់។
បើតាមការផ្សាយរបស់កាសែត BBC មានអ្នកផ្តល់ជូនតម្លៃទិញយកភាគហ៊ុនធំរបស់ក្លិប Chelsea ពីលោក Abramovich រួចហើយក្នុងតម្លៃ៤ពាន់លានដុល្លារ។
លោក Abramovich ដែលមានទ្រព្យជិត២០ពាន់លានដុល្លារ និងជាអ្នកស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀ ពូទីន បានក្លាយជាម្ចាស់ក្លិប Chelsea នៅឆ្នាំ ២០០៣។ ចាប់តាំងពីការវិនិយោគរបស់លោកជិតពីរទស្សវត្សរ៍ តោខៀវបានឈ្នះពានរង្វាន់ធំៗចំនួន១៨ រួមទាំង UEFA Champions League ពីរសម័យ៕