សម្ព័ន្ធក្រុមហ៊ុនដឹកនាំដោយសេដ្ឋីអាម៉េរិក Todd Boehly និងមហាសេដ្ឋីជំនួញជនជាតិស្វីស Hansjoerg Wyss រៀបចំដេញថ្លៃទិញយកក្លិប Chelsea ពីលោក Roman Abramovich នៅសប្តាហ៍នេះ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន Telegraph នៅថ្ងៃទី៤ ខែកុម្ភៈ។
Abramovich បានប្រកាសលក់ក្លិប Chelsea ដែលលោកគ្រប់គ្រង១៩ឆ្នាំ ដើម្បីរក្សាប្រជាប្រិយភាព និងភាពរុងរឿងរបស់ក្លិប ហើយសន្យាថា លុយលក់បាននឹងបរិច្ចាគជួយជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ការដាក់លក់ក្លិបនេះផងដែរ ចំពេលមានការអំពាវនាវកាន់តែខ្លាំងឡើងដើម្បីដាក់ទណ្ឌកម្មលើលោក Abramovich បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ មហាសេដ្ឋីប្រេងសញ្ជាតិរុស្ស៊ីវ័យ៥៥ឆ្នាំ ជាអ្នក ស្និទ្ធនឹងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ។
អ្វីដែលពិសេសទៅទៀតនោះលោក Abramovich នឹងមិនស្នើសុំប្រាក់ដែលក្លិប Chelsea ខ្ចីខ្លួនចំនួន២ពាន់លានដុល្លារវិញនោះទេ ហើយការលក់ក្លិបក៏នឹងមិនត្រូវចាំបាច់គិតគូរប្រាក់ភ្លាមៗនោះដែរ។ ការសម្រេចចិត្តរបស់ Abramovich បែបនេះបានផ្តល់ឱកាសដ៏ល្អដល់អ្នកដែលចង់បានក្លិបនៅលីគកំពូលអង់គ្លេស Premier League មួយនេះទៅគ្រប់គ្រងបន្ទាប់។
បើតាមការផ្សាយរបស់សារព័ត៌មាន Telegraph បន្ទាប់ពីការប្រកាសលក់ក្លិបតែមួយថ្ងៃ មានអ្នកជំនួញពីររូបរួមគ្នាដេញថ្លៃទិញយកក្លិបតោខៀវនេះតែម្តង។ លោក Boehly និងមហាសេដ្ឋី Wyss ដែលជាសហម្ចាស់ក្រុមហ៊ុនមួយ កំពុងធ្វើការរួមគ្នាដើម្បីចរចាទិញយកភាគហ៊ុនធំរបស់ Chelsea ពីលោក Abramovich។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោក Boehly និង Wyss កំពុងប្រមែប្រមូលប្រាក់ពីក្រុមហ៊ុនពួកគេហើយ ស្របពេលគេជឿជាក់ថាតម្លៃភាគហ៊ុនធំរបស់ Chelsea មានតម្លៃ៤ពាន់លានដុល្លារ៕