Barca និង Man City ត្រូវចំណាយ១០០លានបើចង់បាន Ruben Dias

0
619

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបអ្នកមានបុណ្យ FC Barcelona និង ក្លិបមេឃខៀវ Manchester City កំពុងចាប់ចិត្តទៅលើរនាំងការពារឆ្នើមរបស់ក្រុម Benfica កីឡាករ Ruben Dias ខណៈម្ចាស់អាវលេខ៦រូបនេះ មានតម្លៃទិញផ្ដាច់កុងត្រាចំនួន១០០លានអឺរ៉ូ (ឬប្រមាណ ១០៨លានដុល្លារ)។

Dias ត្រូវបានគេចាត់ទុកថា ជាខ្សែការពារវ័យក្មេងដ៏លេចធ្លោមួយរូប ក្នុងតំបន់អឺរ៉ុប នាពេលបច្ចុប្បន្ន ពោលត្រឹមវ័យ២២ឆ្នាំ គេបានជាប់ជម្រើសជាតិព័រទុយហ្កាល់ឈុតធំ ចំនួន១៧លើកមកហើយ។

ទម្រង់លេងដ៏ល្អ របស់​ Dias បានទាក់ចិត្តក្លិបធំៗ ជាច្រើន ក្នុងនោះរួមមានក្លិប Barcelona និង Man City ជាដើម ។ យ៉ាងណាមិញ របាយការណ៍របស់កាសែត Mundo Deportivo បានសង្កត់ធ្ងន់ថា Benfica នឹងមិនអនុញ្ញាតឲ្យរនាំងការពារសំខាន់របស់ខ្លួនរូបនេះ ចាកចេញក្រោមតម្លៃ១០០លានអឺរ៉ូនោះទេ។

ប្រភពខាងលើ បានបន្ថែមទៀតថា Barcelona ចង់បាន Dias ទៅចាប់ដៃគូជាមួយខ្សែការពារចាស់វស្សា Gerard Pique ក៏ដូចជាទៅត្រៀមជំនួស កន្លែងកីឡាករ Samuel Umtiti ដែលមានដំណឹងលេចឮថា អាចនឹងផ្លាស់ចេញពីកីឡដ្ឋាន Camp Nou នាដំណាច់រដូវកាលនេះ។

គួររម្លឹកផងដែរថា Dias ត្រូវបានក្លិប Benfica ថ្ពក់ចេញពីថ្នាលយុវជន ដំឡើងមកលេងក្រុមឈុតធំ ក្នុងឆ្នាំ២០១៧។ ដោយឡែក ក្នុងរដូវកាលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សព័រទុយហ្កាល់ បាន៣៩ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២ដង៕