ក្រុមជម្រើសជាតិអាយុក្រុម២៣ឆ្នាំថៃ ត្រូវប្រជែងជាមួយវៀតណាម ដណ្ដើមជើងឯកពានរង្វាន់ AFF U23 Championship 2022 នៅកីឡដ្ឋានជាតិមរតកតេជោ នៅម៉ោង៧ ៖ ៣០នាទីយប ថ្ងៃទី២៦ កុម្ភៈនេះ។ ចំណែកឡាវ និងទីម័រខាងកើត ប្រជែងយកចំណាត់ថ្នាក់លេខ៣ នៅម៉ោង៤រសៀល ប៉ុន្តែដោយហេតុក្រុមឡាវខ្វះខាតកីឡាករ ដូច្នេះទីម័រខាងកើយជាប់លេខ៣ដោយស្វ័យប្រវត្តិ។
មុននឹងឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រនេះ ថៃ បានយកឈ្នះឡាវ ដោយលទ្ធផល២ទល់០ កាលពីថ្ងៃទី២៤ កុម្ភៈ។ គ្រាប់បាល់ទាំងពីរគ្រាប់របស់ថៃ រកបានដោយកីឡាករ Teerasak Poeiphimai នៅនាទី១៥ និង Kroekphon នៅនាទី៥១ ដោយការស៊ុតបាលពិន័យ១១ម៉ែត្រ។
ដ្បិតយកឈ្នះលើក្រុមឡាវហើយពិតមែន ប៉ុន្តែលោក Salvador Garcia គ្រូបង្វឹកថៃ ក៏បានមើលឃើញពីចំណុចខ្វះខាតរបស់កូនក្រុមខ្លួនដែរ ទាក់ទងនឹងកំហុសបច្ចេកទេស និងទម្រង់លេង។ គ្រូបង្វឹកថៃរូបនេះ អះអាងថា ខ្លួនកែតម្រូវចំណុចទាំងនោះ ក្នុងការប្រកួតនាវគ្គផ្ដាច់ព្រ័ត្រជាមួយវៀតណាម នាថ្ងៃទី២៦ កុម្ភៈនេះ។
ដោយឡែកវៀតណាមវិញ ក៏បានយកឈ្នះទីម័រខាងកើត យ៉ាងត្រដាបត្រដួស តាមរយៈការទាត់បាល់កាត់សេចក្តី ដោយលទ្ធផល៥-៣ ក្រោយរក្សាលទ្ធផល០ទល់០ អស់១២០នាទី។ តាមពិតវៀតណាម បានព្យាយាមគ្រប់គ្រងបាល់ និងវាយសម្រុកលើទីម័រខាងកើតយ៉ាងខ្លាំង ប៉ុន្តែមិនអាចរកគ្រាប់បាល់បានឡើយ។
ម្យ៉ាងទៀតវៀតណាម ក៏ជួបបញ្ហាខ្វះកីឡាករផងដែរ ដោយសារពួកគេភាគច្រើន មានបញ្ហារបួស និងវិជ្ជមានជំងឺកូវីដ-១៩ ។ តែយ៉ាងណាលោក Dinh The Nam គ្រូជម្រើសជាតិវៀតណាម បានអះអាងថា ទោះជួបបញ្ហាខ្វះកីឡាករក៏ដោយ ក៏វៀតណាមនៅបន្ដលេងវាយបកទៅលើគូប្រកួតដដែល។
គួរបញ្ជាក់ថា កាលពីប្រកួតរវាងក្រុមទាំងពីរ នៅវគ្គជម្រុះក្នុងពូល C កាលពីថ្ងៃទី២២ កុម្ភៈកន្លងមក វៀតណាម បានយកឈ្នះថៃ ដោយលទ្ធផល១-០។