U23 កម្ពុជា ស្ថិតក្នុងពូល A ដែលរួមមាន U23 ទីម័រខាងកើត U23 ហ្វីលីពីន U23 ប្រ៊ុយណេ ក្នុងការប្រកួត U23 អាស៊ីអាគ្នេយ៍ឆ្នាំ 2022។
ថ្ងៃទី ២៩ ខែធ្នូ សហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ (AFF) បានធ្វើការចាប់ឆ្នោតបែងចែកពូលនៃពានរង្វាន់ AFF U23 Championship ឆ្នាំ 2022 ដែលការប្រកួតនេះត្រូវបានចាត់ទុកថាជាការប្រកួតពានរង្វាន់ AFF Cup ខ្នាតតូចសម្រាប់ក្រុមអាយុក្រោម ២៣ ឆ្នាំនៅក្នុងប្រទេសសមាជិកអាស៊ាន ដោយនាំមកនូវការប្រកួតប្រជែងដ៏អស្ចារ្យ និងទាក់ទាញបំផុតសម្រាប់អ្នកគាំទ្រ។
ក្រុមចំនួន ១១ ត្រូវបានបែងចែកជា ៣ ពូល។ តាមលទ្ធផលចាប់ឆ្នោត U23 កម្ពុជា ស្ថិតក្នុងពូល A ជាមួយ U23 ទីម័រខាងកើត U23 ហ្វីលីពីន U23 ប្រ៊ុយណេ។ ក្នុងពូល B រួមមាន U23 ឥណ្ឌូណេស៊ី U23 ម៉ាឡេស៊ី U23 មីយ៉ានម៉ា U23 ឡាវ ចំណែកពូល C វិញប្រជុំដោយក្រុមខ្លាំងគឺរួមមាន U23 វៀតណាម U23 ថៃ U23 សឹង្ហបុរី។
ក្រុមទាំងអស់នឹងប្រកួតក្នុងវគ្គជុំទីមួយ ដើម្បីជ្រើសរើសក្រុមចូលទៅវគ្គបន្តហើយប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។
យោងតាមផែនការរបស់ AFF ការប្រកួត U23 អាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតបានធ្វើឡើងនៅកីឡដ្ឋានចំនួន២ មរតកតេជោ និងព្រីនស៍ ៕