Aitsaret Noichaiboon កីឡាករក្រុម Bangkok FC ដែលវាយគូប្រជែងនឹងកែងអំឡុងការប្រកួត អាចប្រឈមមុខនឹងការពិន័យពីអាជីពកីឡាករបាល់ទាត់អស់មួយជីវិត។ នេះបើតាមការផ្សាយរបស់កាសែតបាងកងប៉ុស្តិ៍។
Aitsaret បានវាយនឹងកែងចំមុខកីឡាករ Supasan Ruangsuphanimit របស់ក្រុមសាកលវិទ្យាល័យ North Bangkok University ក្រោយប៉ះទង្គិតគ្នាបន្តិចបន្តួច ក្នុងការប្រកួតបាល់ទាត់លីគកម្រិតទី៣ថៃ (Thai League 3) នៅថ្ងៃទី១៣ ខែមីនា។ ភ្លាមៗក្រោយវាយគូប្រកួត Aitsaret ត្រូវបានអាជ្ញាកណ្ដាលឱ្យកាតក្រហមបណ្ដេញចេញ ខណៈក្លិប Bangkok FC ក៏បានបញ្ចប់កិច្ចសន្យារូបគេភ្លាមៗផងដរ។
មួយកែងរបស់ Aitsaret បានធ្វើឲ្យ Supasan រងរបួសលើបបូរមាត់ធ្ងន់ធ្ងររហូតដេរចំនួន ២៤ថ្នេរ។ មិនត្រឹមតែមាត់នោះទេ គ្រូពេទ្យឱ្យដឹងថា Supasan បានបាក់ឆ្អឹងថ្ពាល់ និងមានឈាមកកក្នុងច្រមុះផង។
បើទោះក្លិប Bangkok FC បញ្ចប់កិច្ចសន្យារបស់ Aitsaret ហើយកីឡាករបង្កនេះសូមទោស Supasan ហើយក្តី កីឡាកររងគ្រោះមិនសុខចិត្តនោះទេ ដោយបានទៅដាក់ពាក្យប្តឹងប៉ូលីស។
ជុំវិញករណីនេះ គណៈកម្មាធិការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) បានកោះប្រជុំនៅថ្ងៃ១៤ ខែមីនា ដើម្បីពិចារណាលើការដាក់ពិន័យ Aitsaret។
លោក Amnuay Nimmano មេប៉ូលិសថៃ និងមានតួនាទីក្នុង FAT បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា វីដេអូឃ្លីបបានបង្ហាញថា Aitsaret មានចេតនាវាយគូប្រកួតដោយមធ្យោបាយឈ្លានពានដែលអាចបណ្តាលឱ្យមានរបួសធ្ងន់ធ្ងរ។
Nimmano បន្តថា គណៈកម្មាធិការវិន័យបានសម្រេចប្រើច្បាប់របស់ FAT លើកីឡាករ និងមន្ត្រីរបស់ខ្លួន ដើម្បីពិចារណាលើករណីនេះដោយចាត់ទុកជាករណីពិសេស និងមិនធម្មតា។
Aitsaret ចាប់ផ្តើមទទួលការស៊ើបអង្កេតហើយ។ ប្រសិនបើរកឃើញថា Aitsaret មានកំហុស នោះរូបគេអាចនឹងត្រូវដកអាជ្ញាប័ណ្ណ និងត្រូវរារាំងពីសកម្មភាពកីឡាបាល់ទាត់ដែលរៀបចំដោយ FAT មួយជីវិត។
ស្របពេលគ្នានេះដែរ ពិធីករប្រដាល់ថៃ Nattadej Wachirarattanawong បានចាត់ទុកសកម្មភាពរបស់ Aitsaret ជាអំពើឃោរឃៅ។ Nattadej បន្ថែមថា ខ្លួនត្រៀមរួចជាស្រេចហើយក្នុងការរៀបចំបញ្ចូល Aitsaret ក្នុងកម្មវិធីប្រដាល់សេរី៕