១០០% Arsenal នឹង​លក់ Aubameyang

0
829

បើទោះបីអ្នកចាត់ការ Mikel Arteta ចង់ទុក Pierre-Emerick Aubameyang ប៉ុន្តែអតីតខ្សែប្រយុទ្ធ Jeremie Aliadiere ដែល​ឈ្នះ​ពាន Premier League ជាមួយ Arsenal ឆ្នាំ២០០៤ បាន​អះអាង​ថា ក្រោយ​​បរាជ័យ​យល់​ព្រម​​លើ​លក្ខខណ្ឌ​ថ្មី ​​​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​នឹង​ចាក​ចេញ​ ចំណែកក្រុម​កាំភ្លើង​ធំ ១០០% នឹង​លក់​អតីត​កីឡាករ Dortmund ក្នុង​រដូវ​ក្ដៅ​ខាង​មុខ បើ​ទោះ​តម្លៃ​ខ្លួន​ធ្លាក់ទាប​ក៏ដោយ។

បុរស​សញ្ជាតិ​អង់គ្លេស បាន​​បញ្ជាក់ ៖«ពួកគេ​ត្រូវ​លក់​គាត់ ១០០%។ Arsenal មិន​ឱ្យ​បាត់​បង់​កីឡាករ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ឡើយ។ និយាយ​ដោយ​ស្មោះ ខ្ញុំ​​នៅ​តែ​មិន​ជឿ​ទេ​​ថា កីឡាករ​​កំពូល​របស់​យើង​ដែល​ជា​ប្រធាន​ក្រុម នៅ​សល់​កុងត្រា​​តែ​មួយ​ឆ្នាំ​ទៀត​នោះ”។

អតីត​កីឡាករ​បាល់ទាត់វ័យ៣៧ឆ្នាំ យល់ឃើញ​ថា បើ​នៅ​សល់​កុងត្រា​២​ឆ្នាំ​ កាល​ពី​រដូវ​ក្ដៅ​មុន Aubameyang គួរ​ត្រូវ​បាន​ក្លឹបបន្តកុងត្រាថ្មីឬ​លក់​ចេញ ពីព្រោះ​ពេល​កុងត្រានៅសល់​តិច កីឡាករនឹង​មាន​អារម្មណ៍​ផ្សេង។

“បើ​ខ្ញុំ​ជា Aubameyang ហើយ​ដឹង​​កុងត្រា​នៅ​សល់​១​ឆ្នាំ​ទៀត ខ្ញុំ​នឹង​លះបង់​១​ឆ្នាំ​ទំនេរ​ចោល ហើយ​ទទួល​បាន​លុយ​សំណង​យ៉ាង​ច្រើន ហើយនឹងមាន​ក្លឹប​ជា​ច្រើន​លើ​ពិភព​លោក​តាម​ចែចង់​ខ្ញុំ។ អ្នកណា​មិន​ទៅ?”។

Jeremie Aliadiere អតីតខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ

ហេតុនេះ​ហើយ Aliadiere បង្ហាញ​ទស្សនៈ​​ផ្ទាល់​ខ្លួន​ថា បែប​ក្លឹបមាន​កំហុស​ផ្នែក​គ្រប់គ្រង។ វា​គួរ​ត្រូវ​មាន​រយៈ​ពេល​២​ឆ្នាំ ពួកគេ​មិន​គួរ​​​​​បណ្ដោយ​ឱ្យ​កីឡាករ​បញ្ចប់​ដោយ​នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទេ ជាពិសេស​កីឡាករ​ដូច Aubameyang។ វា​មិន​ត្រឹមត្រូវ​ឡើយ។

Aubameyang ​បាន​ចូល​រួម​​ក្រុម Arsenal ពី Borussia Dortmund ​​ឆ្នាំ​២០១៨ ក្នុង​តម្លៃ​ខ្លួន ៥៦​លាន​ផោន​ ជា​កីឡាករ​ហ្គាបុង​ថ្លៃ​ជាងគេ​បំផុតក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ខណៈ​កុងត្រា​របស់​គេ​នឹង​ផុត​នៅ​ត្រឹម​ឆ្នាំ​២០២១។ លេង​ឱ្យ​ក្រុម​កាំភ្លើង​រដូវកាល​មុន គេ​ឈ្នះ​ស្បែក​ជើងមាស នៅ​ Pream League រួមជាមួយ Sadio Mané និង Mohamed Salah បន្ទាប់​ពី​រក​បាន ២២​គ្រាប់។

គួរបញ្ជាក់ថាក្លឹប​ធំៗដូចជា Barcelona, Real Madrid និង​ Inter ត្រូវ​បាន​គេ​ភ្ជាប់​ថា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​​ ដែលរក​បានគ្រាប់​បាល់​ច្រើនបំផុតរបស់ Arsena រូបនេះដែរ ពោលគឺ ៦១គ្រាប់ក្នុង​ការ​បង្ហាញ​ខ្លួន ៩៧​លើក​​៕