មិនទាន់ចេញផង! Arsenal ត្រៀម៣២លាន ដើម្បីទិញជើងស៊ុតពី Bundesliga ម្នាក់នេះមកជំនួស Aubameyang

0
599

ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងតែត្រៀមទិញខ្សែប្រយុទ្ធម្នាក់ដើម្បីមកជំនួសកីឡាករ Aubameyang បើទោះបីជារូបគេមិនទាន់ចេញពីក្លិបនៅឡើយក៏ដោយ។ ក្នុងនោះ Arsenal បានសម្លឹងឃើញខ្សែប្រយុទ្ធម្នាក់របស់ក្លិប Wolfsburg គឺកីឡាករ Wout Weghorst ។

យ៉ាងណាមិញកីឡាករ Aubameyang ជាតួរសំខាន់ក្នុងការរកគ្រាប់បាល់ឲ្យក្លិបកាំភ្លើងធំ Arsenal នៅរដូវកាលនេះ ពោលគឺជម្រើសជាតិហ្កាបុង រកបាន២០គ្រាប់ហើយចាប់តាំងពីបើករដូវកាល២០១៩/២០មក ។ ហើយបើសិនជាមិនមានគ្រាប់បាល់របស់រូបគេនោះទេ Arsenal ប្រហែលជានឹងអាចពិបាកជាងនេះទៅទៀតក្នុងការប្រជែងជាមួយក្លិបធំៗនៅ Premier League ។

ជាមួយគ្នានេះដែរកីឡាករ Aubameyang នៅសល់កុងត្រាជាមួយក្លិបតែមួយរដូវកាលទៀតប៉ុណ្ណោះ​​ ហើយក៏មិនទាន់មានចម្លើយនៅឡើយទេពីរូបគេ ក្នុងការបន្តកិច្ចសន្យាជាមួយក្លិបដែលមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៍ ប៉ុន្តែមានភាគរយច្រើនដែល Aubameyang អាចនឹងចាកចេញពីក្លិបនៅរដូវក្ដៅនេះ។

ក្លិបកាំភ្លើងធំ Arsenal បានត្រៀមទិញ ខ្សែប្រយុទ្ធមួយរូបដែលក្លិបគិតថាអាចនឹងមកជំនួស Aubameyang បាននោះគឺកីឡាករ Wout Weghorst ពីក្លិប Wolfsburg។ តារាជើងស៊ុតរូបនេះត្រូវបាន Wolfsburg ដាក់តម្លៃខ្លួនដល់ទៅ៣២លានផោន (ឬប្រមាណ៣៩លានដុល្លារ) ឯណោះ។ ជើងស៊ុតសញ្ជាតិ ហូឡង់វ័យ២៧ឆ្នាំរូបនេះមកចូលរួមជាមួយ Wolfsburg បាន២រដូវកាលមកហើយដោយរកបាន៣៣គ្រាប់នៅក្នុង៦៦ប្រកួតរបស់គេ។

Wout Weghorst ក៏បានឲ្យដឹងផងដែរថា Arsenal មិនមែនជាក្លិបនៅក្នុងក្ដីស្រមៃរបស់គេនោះទេ ហើយក្លិបនៅក្របខ័ណ្ឌ Premier League ដែរគេស្រមៃចង់ទៅលេងឲ្យនោះគឺក្លិបហង្សក្រហម Liverpool ៕