អតីតប្រធានក្លឹប Barca លោក Sandro Rosell បាននិយាយថា Neymar ជាកីឡាករល្អលំដាប់លេខ២លើលោក បន្ទាប់ពី Messi ហើយបើសិនលោកជាប្រធានក្លឹបបច្ចុប្បន្នវិញ លោកនឹងចុះកុងត្រាយកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកវិញ។
«បើខ្ញុំជាប្រធានក្លឹប Barca វិញ ខ្ញុំនឹងព្យាយាមចុះកុងត្រាយក Neymar មកវិញ»។ គាត់ជាកីឡាករល្អលំដាប់ទី២ បន្ទាប់ពី Messi ហើយគាត់លេងត្រូវជាមួយចិត្តសាស្ត្ររបស់ក្លឹប»។ លោក Rosell ប្រាប់ទៅកាន់ COPE និងវិទ្យុ Marca។
ទោះបីជាយ៉ាងណា ជាមួយនឹងបទពិសោធន៍ បុរសធ្លាប់យក Neymar ពីក្លឹប Santos ក្នុងឆ្នាំ២០១៣ បានឱ្យដឹងថា ប្រធានក្លឹបអ្នកមានបុណ្យ គួរចុះកុងត្រាជាមួយគេក្នុងពីរលក្ខខណ្ឌ ទីមួយកឺចុះលើផ្នែកកីឡា និងទីពីរចុះលើផ្នែកអាកប្បកិរិយា។
ចាប់តាំងចេញពី Barcelona ទៅ PSG ឆ្នាំ២០១៧ ក្នុងតម្លៃខ្លួន ២៤៦លានដុល្លារ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ បានឈ្នះពាន Ligue 1 បីលើក ឈ្នះពាន Coupe de France, Coupe de la Ligue និង Trophee des Champions។
កីឡាករជម្រើសជាតិប្រេស៊ីល រកបាន ១៣គ្រាប់ មុន Ligue 1 ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារវិរុសកូរ៉ូណា និង PSG ក៏ត្រូវបានប្រកាសជាជើងឯកតែម្ដង ដើម្បីបញ្ចប់រដូវកាល។ ថ្មីៗនេះមានព័ត៌មានភ្ជាប់ជាហូរហែថា រូបគេមកក្លឹប Barcelona វិញ៕