ក្លឹបអ្នកមានបុណ្យ Barcelona បានរៀបចំដាក់ដេញថ្លៃខ្សែបម្រើដែលនឹងឈានចូលវ័យ ២០ឆ្នាំនាខែឧសភាខាងមុខនេះរបស់ក្លឹប Brescia ក្នុងក្របខណ្ឌអ៊ីតាលី Serie A គឺកីឡាករ Sandro Tonali។
សារព័ត៌មាន The Daily Mail បានឱ្យដឹងថា ក្លឹបនៅតំបន់កាតាឡាន់មួយនេះ ចាប់អារម្មណ៍លើខ្សែបម្រើរូបនេះយ៉ាងខ្លាំង ព្រមទាំងបានបង្កើនតម្លៃខ្លួនដល់រូបគេ ជាមួយការផ្តល់ជូននូវតម្លៃចុងក្រោយចំនួន ៥២លានផោន (ប្រមាណ ៦៤លានដុល្លារ)។
Tonali បានបង្ហាញខ្លួនចំនួន ៧៧ប្រកួត (រកគ្រាប់បាល់បាន ៦គ្រាប់ និងបញ្ជូនបាល់បាន ១៤គ្រាប់) សម្រាប់ Brescia ក្នុងរយៈពេល ៣ឆ្នាំមកនេះ ដោយបានអភិវឌ្ឍន៍ខ្លួនក្លាយជាខ្សែបម្រើវ័យក្មេងដ៏មានទេពកោសល្យមួយរូប ព្រមទាំងបានបង្ហាញខ្លួនក្នុងជម្រើសជាតិអ៊ីតាលីចំនួន ៣ប្រកួតផងដែរ ត្រឹមវ័យ ១៩ឆ្នាំប៉ុណ្ណោះ។
យុវជនចេញពីថ្នាលរបស់ក្លឹប Brescia ផ្លាស់រូបនេះ ត្រូវបានតម្លើងចូលឈុតធំរបស់ក្លឹបកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ក្នុងវ័យត្រឹម ១៧ឆ្នាំប៉ុណ្ណោះ ស្របពេលបច្ចុប្បន្នរូបគេបានអភិវឌ្ឍន៍សមត្ថភាពគួរឱ្យកត់សម្គាល់រហូតកើនតម្លៃខ្លួនដល់ ៣១.៥លានផោន៕