ក្លឹប Barcelona បានយល់ព្រមអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Luis Suarez ទៅចូលរួមជាមួយក្លឹបប្រជែងនៅ La Liga គឺ Atletico Madrid ហើយ។
Suarez បានក្លាយជាកីឡាករលែងត្រូវការនៅ Barcelona ហើយក្លឹបក៏សប្បាយចិត្តឲ្យគេចាកចេញឲ្យគ្មានតម្លៃខ្លួនផងដែរ ប៉ុន្តែមិនចង់ឲ្យគេទៅចូលរួមក្រុមធំរួមលីគនោះឡើយ។ កីឡាករសញ្ជាតិអ៊ុយរុយហ្គាយបានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការកាត់បន្ថយប្រាក់ខែនៅ Atletico បន្ទាប់ពីបរាជ័យផ្ទេរទៅ Juventus ព្រោះតែបញ្ហាលិខិតឆ្លងដែន។
យ៉ាងណាមិញ ប្រធានក្លឹប Barca លោក Josep Maria Bartomeu បានព្យាយាមរារាំងមិនឲ្យ Suarez ទៅលេងនៅ Atletico ឡើយ។ ប៉ុន្តែ ក្រោយមានការប្រជុំជាមួយអ្នកតំណាងរបស់ Suarez ក្លឹបស្ថិតនៅតំបន់កាតាឡាន់មួយនេះបានត្រជាក់ចិត្តនឹងយល់ព្រមឲ្យកីឡាករខ្លួនចាកចេញ។ Suarez ក៏នឹងទទួលបានដំណោះស្រាយពី Barcelona បន្ទាប់ពីឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ Camp Nou ត្រូវបានបញ្ចប់។
ទៅកាន់ក្លឹបថ្មី Suarez អាចនឹងទទួលបាន៩លានអឺរ៉ូក្នុងមួយឆ្នាំ ជាមួយកុងត្រា២ឆ្នាំ។ ប្រសិនការផ្ទេរកើតចេញជាផ្លូវការមានន័យថា Suarez នឹងបញ្ចប់អាជីពរយៈពេល៦ឆ្នាំជាមួយ Barcelona ដោយគេធ្លាប់រកបាន១៩៨គ្រាប់ក្នុងការបង្ហាញខ្លន២៨៣ប្រកួត៕