Bayern ឈ្នះ​ទាំង​ប្រផិត​ប្រផើយ រំកិល​​ទៅ​កៀក​ជើងឯក

0
692

ការ​រក​បាន ​១ គ្រាប់ នៅ​ចុង​ម៉ោង​នៃ​តង់​ទី​១ របស់​កីឡាករ Joshua Kimmich បាន​ក្លាយជា​គ្រាប់​បាល់​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ក្រុម Bayern Munich ​រំកិល​ទៅ​មុខ ​១ ជំហាន​ទៀត​យ៉ាង​ធំ កៀក​នឹង​​ការ​ឈ្នះ​ពាន​រង្វាន់​ក្របខ័ណ្ឌ Bundesliga អាល្លឺម៉ង់ ​៨ ​រដូវកាល​ជាប់ៗ​គ្នា ព្រោះ​នេះ​ជា​គ្រាប់​បាល់​ជ័យជម្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Borussia Dortmund តែ​ម្ដង​ក្នុង​​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ កាល​ពី​យប់​ថ្ងៃ​អង្គារ​។​

ទោះ​​ឈ្នះ​ទាំង​ប្រផិត​ប្រផើយ​ត្រឹម​លទ្ធផល ១-០ ក៏​ពិត​មែន តែ​ក៏​ជា​ការ​ដណ្ដើម​បាន ៣ ​ពិន្ទុ​យ៉ាង​សំខាន់​សម្រាប់​ Bayern ក្នុង​ការ​ប្រកួត​ដែល​​ធ្វើ​ឡើង​ ដោយ​ឥត​មាន​អ្នក​គាំទ្រ​ចូលរួម​ទស្សនា​នា​កីឡដ្ឋាន Signal Iduna Park ពី​​ក្រុម Dortmund ព្រោះជា​គូ​ប្រជែង​តែ​មួយ​គត់​ ដែល​មាន​សិទ្ធិ​ខ្ពស់​ជាង​គេ ក្នុង​ការ​ដណ្ដើម​ពាន​លីក​កំពូល​នា​រដូវកាល​នេះ ដោយ​ពេល​នេះ មាន​គម្លាត​នាំ​មុខ​ដល់​ទៅ ​៧ ​ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់ ​៦ ​សប្ដាហ៍​ទៀត​នឹង​បញ្ចប់​ជាស្ថាពរ។ ​ ​

ក្រោយ​មាន​លទ្ធភាព​អាច​បំប៉ោង​សំណាញ់​ទី ​ជួយ​ក្រុម​ឲ្យ​ឈ្នះ​នេះ​ កីឡាករ Kimmich ដែល​អាច​លេង​ទាំង​តំណែង​ខ្សែ​បម្រើ និង​ការពារ បាន​និយាយ​ថា​៖ «​វា​ពិត​ជា​គ្រាប់​បាល់​ដ៏​សំខាន់​បំផុត​។ ខ្ញុំ​សម្លឹង​មើល​ជុំវិញ​ខ្លួន ដើម្បី​ឲ្យ​ឃើញ​ថា តើ​គ្រប់​គ្នា​ដឹង​ទេ​ថា គ្រាប់​បាល់​ហ្នឹង​សំខាន់​យ៉ាង​ដូច​ម្ដេច​សម្រាប់​ក្រុម​»​។ ​

ដូច​គ្នា​នេះ​​ដែរ ប្រធាន​ក្រុម​ គឺ​អ្នក​ចាំ​ទី Manuel Neuer ក៏​បាន​និយាយ​ច្រំ​ដែល​នូវ​ពាក្យ​សម្ដី​របស់​កីឡាករ​រួម​ក្រុម និង​រួម​ជាតិ​អាល្លឺម៉ង់ ដោយ​ប្រាប់​ថា​៖ «ពិត​មែន វា​ពិត​ជា​សញ្ញា​សំខាន់​ខ្លាំង​ណាស់​»​។​

ក្រុម Bayern នៅ​តែ​បន្ត​កំណត់ត្រា​បាន​យ៉ាង​អស្ចារ្យ ក្នុង​ការ​លេង​ទល់​នឹង​ក្រុម​លេខ ​២ Dortmund រដូវ​កាល​នេះ ដោយ​កាល​ពី​ជួប​គ្នា នៅ​ទឹក​ដី​ខ្លួន​ឯង​ក្នុង​ក្រុង​​មុយនិច កាល​ពី​ខែ​វិច្ឆិកា បាន​បំបាក់​ក្រុម​គូ​ប្រជែង​យ៉ាង​ចាស់​ដៃ ៤-០​។​​​

ដោយ​ឡែក​គ្រូ​បង្វឹក​របស់​​ក្រុម Bayern លោក​ Hansi Flick ​ទោះ​ជា​ទទួល​ស្គាល់​ថា ជ័យ​ជម្នះ​នេះ ជា​ជំហាន​ដ៏​ធំ ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ពាន​ Bundesliga ក៏​ពិត​មែន តែ​លោក​ប្រាប់​ថា​ ការ​ប្រជែង​គ្នា​ នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​ ដោយ​បុរស​វ័យ ៥៥ ​ឆ្នាំ ថ្លែង​ដូច្នេះ​ថា​៖ «​មែន ​វា​ជា​ជ័យជម្នះ​ដ៏​សំខាន់​។ យើង​ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ទៀត​យ៉ាង​ធំ តែ​សួរ​ថា យើង​ជា​ជើង​ឯក​មែន​ទេ? ខ្ញុំ​គិត​ថា​ យើង​មិន​អាច​និយាយ​អ៊ីចឹង​បាន​ទេ​ គ្រប់​យ៉ាង​មិន​ទាន់​ចប់​នោះ​ទេ​»​។​

លោក Flick បាន​បន្ត​ទៀត​ថា​៖ «​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ប្រសើរ​បន្តិច ​ពេល​បាន​នាំ​មុខ ៧ ពិន្ទុ។ មុន​សម្រាក​​រដូវ​រងារ យើង​តាម​ពី​ក្រោយ​ក្រុមគូ​ប្រជែង ​៤ ​ពិន្ទុ ដូច្នេះ​យើង​បាន​ព្យាយាម​រៀបចំ​ឲ្យ​មាន​ការ​លេង​បាល់​ទាត់​ដ៏​ជោគជ័យ​ ក៏​ដូច​ជា​ បាល់ទាត់​ដ៏​ស្រស់​បំព្រង​មួយ​នៅ​ឆ្នាំ​នេះ​។

ក្រោយ​ពី​មិន​មាន​លទ្ធភាព​​ជួយ​ក្រុម​​ទទួល​បាន​លទ្ធផល​ល្អ​ សម្រាប់​ការ​ប្រកួត​នេះ ខ្សែ​ការពារ Mats Hummels ជា​ប្រធាន​ក្រុម Dortmund បាន​និយាយ​ដោយ​អារម្មណ៍​មួហ្មង​ថា​៖ «​ឥឡូវ​នេះ មាន​តែ​ក្រុម Bayern ប៉ុណ្ណោះ ដែល​សម្រេច​​ថា អ្វី​នឹង​កើត​ឡើង​។ ពេល​ខ្លះ ការ​ប្រកួត ត្រូវ​បាន​កាត់​ក្ដី​ដោយ​ឱកាស​ល្អៗ តែ​ថ្ងៃ​នេះ គ្មាន​អី​ត្រូវ​និយាយ​ទេ​»​។

មិន​ត្រឹម​តែ​បរាជ័យ ដែល​ធ្វើ​ឲ្យ​បាត់​ឱកាស​តាម​ប្រជែង​យក​ពាន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ Dortmund ​ថែម​ទាំង​បាត់បង់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​ Erling Braut Haaland ផង​ដែរ​ ក្រោយ​ពី​​មាន​របួស​ នៅ​វគ្គ​ទី​ ២ បន្ទាប់​ពី​ត្រូវ​បាន​ខ្សែ​ការពារ​ ​Jerome Boateng របស់ Bayern Munich ​ប្រជែង​យក​បាល់ ព្រោះ​ក្រោយ​ហេតុការណ៍​នោះ​ គេ​ឃើញ​កីឡាករ​អន្តរជាតិ​ន័រវែស​រូប​នេះ ដើរ​ខ្ទើត​ៗ​ចេញ​​​ពី​ទី​លាន ខណៈ​​ការ​ប្រកួត​នៅ​សល់​ ២០ ​នាទី​ចុង​ក្រោយ​៕