Bayern Munich (Bayern) ក្រុមជើងឯកក្របខ័ណ្ឌ Bundesliga ឈានដល់កិច្ចព្រមព្រៀងក្នុងការទិញយកខ្សែបម្រើស្លាប Leroy Sane ពីក្រុម Manchester City។ នេះបើយោងតាមសារព័ត៌មានជាច្រើនទាំងនៅអាល្លឺម៉ង់ និងអង់គ្លេស កាលពីថ្ងៃអង្គារ។
បណ្ដាញសារព័ត៌មាន Sky Sports និង BBC ឲ្យដឹងថា ក្លិបកំពូលទាំង ២ បានព្រមព្រៀងគ្នាសម្រាប់តម្លៃដោះដូរនេះ ក្នុងរង្វង់ ៥៤,៨ លានផោន ($៦៧,៣៦ លាន) ខណៈកាសែតនៅអាល្លឺម៉ង់ Bild រាយការណ៍ថា យ៉ាងហោចណាស់ ៥០ លានអឺរ៉ូ ($៥៦ លាន)។
កាសែត Bild ឲ្យដឹងទៀតថា Sane នឹងចុះហត្ថលេខារយៈពេល ៥ ឆ្នាំ ជាមួយនឹងតម្លៃទាបជាង ១០០ លានអឺរ៉ូ ($១១២ លាន) ដែលបានដាក់កាលពីឆ្នាំមុន។ Sane និងក្រុម Man City នឹងអស់កុងត្រាជាមួយគ្នានៅខែមិថុនា ឆ្នាំ ២០២១។
កីឡាករអន្តរជាតិអាល្លឺម៉ង់ Sane ទើបបង្ហាញវត្តមានលើកដំបូងនៅក្របខ័ណ្ឌ Premier League រដូវកាលនេះ ក្នុងនាមជាកីឡាករបម្រុង ពេលក្រុមខ្លួន ប៉ះក្រុមភ្ញៀវ Burnley សប្ដាហ៍មុន តែលោក Pep Guardiola (Pep) បញ្ជាក់នៅដើមខែនេះថា កូនក្រុមរូបនេះទំនងជាចាកចេញក្រោយមិនបន្តកុងត្រាថ្មី។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ លោក Pep ប្រាប់ថា៖ «កីឡាករ Sane និយាយថា រូបគេមិនចង់ពន្យារកិច្ចសន្យាទៀតទេ ដូច្នេះមានន័យថា រូបគេចង់ចាកចេញ ហើយវានឹងកើតឡើងនៅរដូវក្ដៅនេះ ឬក៏ពេលកុងត្រាផុតកំណត់។ ខ្ញុំគិតថា គ្រប់គ្នាដឹង បើសិនដំណាច់រដូវកាលនេះ មានកិច្ចព្រមព្រៀងរវាងក្លិបទាំង ២ នោះរូបគេនឹងចាកចេញ»។
កីឡាករ Sane ចាប់តាំងពីមកចូលរួមជាមួយ Man City ដោយការដើរចេញពី Schalke ក្រុមនៅលីកកំពូលអាល្លឺម៉ង់ ក្នុងឆ្នាំ ២០១៦ ឃើញថា រូបគេរកបានគ្រាប់បាល់ ៣៩ គ្រាប់ដែរ ក្នុងចំណោមការបង្ហាញខ្លួនទាំង ១៣៥ ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់៕