ពានកីឡាករឆ្នើមនៅ PL ប្រចាំខែមិថុនា បានទៅលើ Bruno Fernandes

0
704

ខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Bruno Fernandes បានឈ្នះពានរង្វាន់ កីឡាករឆ្នើមប្រចាំខែមិថុនា នៅក្របខណ្ឌ​ Premier League ដោយកាលពីខែកុម្ភៈកន្លងទៅ គេធ្លាប់ឈ្នះពានរង្វាន់នេះ ម្ដងរួចទៅហើយ។

យ៉ាងណាមិញ Bruno ជាកីឡាករដំបូង របស់ Man UTD ដែលឈ្នះពានកីឡាករឆ្នើមប្រចាំខែនៅ Premier League  ២ដងជាប់គ្នាក្នុងរដូវកាលទោល ចាប់តាំងពីអតីតម្ចាស់អាវលេខ៧ Cristiano Ronaldo ធ្លាប់ធ្វើបានបែននេះ ក្នុងឆ្នាំ២០០៦ ពោលគឺឈ្នះក្នុងខែវិច្ឆិកា និង ខែធ្នូ។

ចាប់តាំងពីសកម្មភាពបាល់ទាត់បើកដំណើរការឡើងវិញ កាលពីខែមុន Bruno រកបាន៥គ្រាប់ឲ្យ Man UTD មិនត្រឹមតែប៉ុណ្ណោះ គេក៏បញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៣ដងផងដែរ។

ខ្សែបម្រើវ័យ២៥ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ចាប់តាំងពីផ្លាស់ពីក្រុម Sporting Lisbon មកកាន់កីឡដ្ឋាន Old Trafford  កាលពីដើមឆ្នាំ២០២០មក តួយ៉ាងគេបានរួមចំណែកជួយ Man UTD មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ គិតត្រឹម១៧ប្រកួតចុងក្រោយមកនេះ។

ជាមួយគ្នានេះ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ គេក៏បានជួយ Man UTD សាងកំណត់ត្រាថ្មីប្រចាំប្រវត្តិសាស្រ្តក្របខណ្ឌ Premier League ដោយក្លាយជាក្រុមដំបូងគេបង្អស់ ដែលស៊ុតយកឈ្នះទៅលើគូប្រកួតបានចាប់ពី៣គ្រាប់ឡើង ក្នុងការប្រកួត៤លើកជាប់ៗគ្នា បន្ទាប់ពីផ្ដួលក្រុម Aston Villa ក្រៅដីក្នុងលទ្ធផល៣ទល់នឹង០។

គួរឲ្យដឹងដែរថា គិតមកទល់ពេលនេះ Bruno ស៊ុតបញ្ចូលទីឲ្យក្រុមលោក Ole Gunnar Solskjaer បាន៨គ្រាប់ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេបោះបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៧ដង៕