Leicester ត្រៀមប្រមាញ់យក Luka Jovic របស់ Luka Jovic  Real Madrid ដើម្បីមកចាប់ដៃគូប្រយុទ្ធជាមួយ Vardy

0
592

បើតាមគេហទំព័រ The Sun បានឲ្យដឹងថាក្លិប Leicester City របស់អង់គ្លេសកំពុងតែត្រៀមលុយធំក្នុងការចរចាទិញយកកីឡាករ Luka Jovic ពីក្លិប Real Madrid ដើម្បីយកមកចាប់ដៃគូជាមួយកីឡាករ Jamie Vardy នៅតំបន់ប្រយុទ្ធរបស់ក្លិប។

គួរបញ្ជាក់ដែរថាកីឡាករ Luka Jovic ត្រូវបានក្លិប Real Madrid ទិញពីក្លិប Frankfurt របស់អាល្លឺម៉ង់ក្នុងចំនួនទឺកប្រាក់៥៤លានផោន (ឬប្រមាណ៦៨លានដុលា្លរ) កាលពីទីផ្សារដោះដូរកីឡាកររដូវក្ដៅមុន។

ផ្ទុយស្រឡះពីការរំពឹងទុក កីឡាករសញ្ជាតិស៊ែប៊ីរូបនេះបង្ហាញទម្រង់លេងមិនសូវល្អឲ្យក្លិបនោះទេ ពោលគឺក្នុងការលេង២៥ប្រកួតឲ្យ Real Madrid តារាធ្លាក់កូដរូបនេះរកបានតែ២គ្រាប់ប៉ុណ្ណោះ។ ដោយឡែកនៅពេលនេះ លោក Zinedine Zidane កំពុងតែសម្រេចចិត្តដាក់លក់កីឡាករវ័យ២២ឆ្នាំរូបនេះ ឬក៏ឲ្យក្លិបផ្សេងខ្ចីជើង។

ជាមួយគ្នានេះដែរក្លិប Leicester បានបង្ហាញការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ ដោយលោក Brendan Rodgers ដែលជាគ្រូបង្គោលរបស់ក្លិបនោះជឿជាក់ថា ប្រសិនបើ Luka Jovic ធ្វើការផ្លាស់ប្តូរចេញពីក្លិប Real Madrid នោះ រូបគេនឹងអាចមានទម្រង់លេងល្អប្រសើរឡើងវិញ។

លោក Brendan Rodgers កំពុងតែចង់ពង្រឹងបន្ថែមនៅតំបន់ប្រយុទ្ធរបស់ក្លិប ហើយប្រសិនជាអាចទិញកីឡាករ Luka Jovic មករួមក្លិបបានមែននោះ កីឡាករ Jamie Vardy នឹងមានដៃគូរកគ្រាប់បាល់ដ៏សក្ដិសមម្នាក់។ យ៉ាងណាមិញក្លិប Real Madrid អាចនឹងលក់កីឡាកររូបនេះក្នុងចំនួនទឹកប្រាក់៣១លានផោន (ឬប្រមាណ៣៩ លានដុល្លារ) ដែលជាតម្លៃទាបជាងពេលដែលក្លិបយក្សមួយនេះទិញពី Frankfurt ៕