Chelsea ចង់ផ្ទេរយក​ Erling Haaland នៅរដូវកាល​ឆ្នាំក្រោយ

0
1644

ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍មកថា កំពុងរៀបគម្រោងផ្ទេរយកខ្សែប្រយុទ្ធ Erling Haaland ពីក្លិប Borussia Dortmund នៅរដូវក្ដៅឆ្នាំ ២០២១ ខាងមុខ។

បើយោងតាមអ្នកសារព័ត៌មានផ្នែកកីឡាដ៏គួរឲ្យទុក្ខចិត្តបានគឺ លោក Fabrizio Romano បានឲ្យដឹងថា Haaland ជាគោលដៅកំពូលរបស់ Chelsea នៅទីផ្សាររដូវក្ដៅឆ្នាំក្រោយ។ ក្លិបនៅភាគខាងលិចទៅក្រុងឡុងដ៍មួយនេះ គ្រោងជះលុយធំមួយចំនួនទៀត ដើម្បីនាំយកខ្សែប្រយុទ្ធវ័យ២០ឆ្នាំមកកាន់ទឹកដី Stamford Bridge ក្រោយចំណាយអស់២៣០លានផោន ក្នុងការនាំចូលកីឡាករថ្មីៗជាច្រើនរូប រួមមាន ខ្សែប្រយុទ្ធ​Timo Werner ខ្សែបម្រើ​ Kai Havertz, Hakim Ziyech ខ្សែការពារ Xavier Mbuyamba, Malang Sarr, Ben Chilwell និង Thiago Silva កាលពីទីផ្សាររដូវក្ដៅកន្លងទៅនេះ។

ជាមួយគ្នានេះ របាយការណ៍របស់កាសែត The Sun បានបញ្ជាក់ថាបច្ចុប្បន្ន Haaland ជាប់កិច្ចសន្យាជាមួយ Dortmund រហូតដល់ឆ្នាំ២០២៤ ខណៈតម្លៃទិញផ្ដាច់កុងត្រារបស់គេ មានចំនួនដល់ទៅ ៦៣លានផោន (ឬប្រមាណ ៨១លានដុល្លារ) ឯណោះ។

ប្រភពដដែលបានបន្ថែមទៀតថា Chelsea ទំនងត្រូវប្រឈមជាមួយនឹងក្លិប Real Madrid ក្នុងការប្រជែងយក Haaland ពីព្រោះក្លិបជើងឯក Champions League ១៣សម័យមួយនេះ ក៏ចង់បានខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិន័រវេស ទៅជំនួសកីឡាករចាស់វស្សា Karim Benzema ផងដែរ៕