Mahrez ថាដោយសារតែ Salah ទើបគេមិនបានផ្លាស់ទៅ Liverpool

0
649

ខ្សែបម្រើស្លាប Riyad Mahrez បានបង្ហើបឲ្យដឹងថា មុនពេលផ្លាស់ទៅចូលរួមជាមួយក្រុមមេឃខៀវ Manchester City ក្លិបហង្សក្រហម ​Liverpool ធ្លាប់មានចិត្តចង់ចុះកុងត្រាយករូបគេ។

យ៉ាងណាមិញ នៅពេល Liverpool ទិញបានជម្រើសជាតិអេហ្សីប Mohamed Salah ពី Roma ក្លិបជើងឯក Champions League រដូវកាលមុន ក៏បានបញ្ឈប់ការចាប់អារម្មណ៍ទៅលើ Mahrez។

ខ្សែបម្រើស្លាបវ័យ២៩ឆ្នាំ​បានប្រាប់កាសែត Bein Sports យ៉ាងដូច្នេះថា៖

មុនពេលចុះកុងត្រាលេងឲ្យ Man City ក្លិប Liverpool ធ្លាប់ចាប់អារម្មណ៍ចង់បានខ្ញុំ។ ប៉ុន្តែនៅពេលពួកគេទិញបាន Mohamed Salah អ្វីៗត្រូវបានបញ្ចប់។

គួររម្លឹកផងដែរថា Man City បាននាំយក Mahrez ពីក្លិប Leicester City ក្នុងឆ្នាំ២០១៨ អមជាមួយតម្លៃផ្ទេរ ៦១លានផោន (ឬប្រមាណ ៧៥លានដុល្លារ)។ គិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបដែលគ្រប់គ្រងដោយមហាសេដ្ឋីជនជាតិអារ៉ាប់ បាន៨១ប្រកួត ក្នុងនោះគេស៊ុតបាន២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន២៦ដង។

មិនត្រឹមតែប៉ុណ្ណោះ រយៈពេល២ឆ្នាំនៅកីឡដ្ឋាន Etihad ជម្រើសជាតិអាល់ហ្សេរី ធ្លាប់ជួយ Man City លើកពានធំៗជាច្រើនរួមមាន ពាន Premier League ១ដង ពាន FA Cup ១ដង និងពាន League Cup ២ដង៕