Cristiano Ronaldo អង្គុយកើតទុក្ខលើទីលាន នៅពេលដែលរឿងរ៉ាវដែលមិនគួរឱ្យជឿបានកើតឡើងគឺ ព័រទុយហ្គាល់បានបាត់បង់សិទ្ធិដោយផ្ទាល់ចូលទៅកាន់ World Cup ឆ្នាំ២០២២ នៅកាតា ដោយទទួលបារាជ័យចំពោះក្រុមស៊ែប៊ីកាលពីយប់មិញ ក្នុងលទ្ធផល ១ – ២។
កាមេរ៉ារបស់កាសែត ESPN បានផ្ដិតយកបាននូវផ្ទាំងរូបភាពរបស់កីឡាករ Cristiano Ronaldo កើតទុក្ខពិបាកចិត្តចំពោះលទ្ធផលនៃការប្រកួតរវាងព័រទុយហ្គាល់ និងស៊ែប៊ី។
CR7 មិនមានទម្រង់លេងល្អពេលប៉ះស៊ែប៊ី ហើយបានឆ្លងកាត់នូវការប្រកួតជាលើកទីពីរជាប់គ្នា បន្ទាប់ពីលទ្ធផលស្មើជាមួយសាធារណរដ្ឋអៀរឡង់ 0-0។ នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់នៅកីឡដ្ឋាន Da Luz គាត់បានបង្ហាញយ៉ាងច្បាស់ពីការខកចិត្ត ទាំងខ្លួនគាត់ និងក្រុមទាំងមូល។
បន្ទាប់ពីសំឡេងកញ្ចែចុងក្រោយរបស់អាជ្ញាកណ្តាលបានបន្លឺឡើង ប្រធានក្រុមវ័យ ៣៦ឆ្នាំរូបនេះបានអង្គុយនៅលើទីលាន ដោយដាក់ដៃរឱបនឹងជង្គង់ ហើយហាក់ដូចជាគាត់ហៀបនឹងយំផងដែរ។ មិត្តរួមក្រុម និងកីឡាករស៊ែប៊ីជាច្រើនបានចូលទៅជិត ដើម្បីព្យាយាមលើកទឹកចិត្ត ប៉ុន្តែគាត់ហាក់ដូចជាមិនចង់ស្តាប់នរណាម្នាក់ឡើយ។
ក្នុងអំឡុងសន្និសីទសារព័ត៌មាន គ្រូបង្វឹក Fernando Santos បានពន្យល់ពីប្រតិកម្មរបស់ Ronaldo នៅចុងបញ្ចប់នៃការប្រកួតថា «វាគឺជាការផ្ទុះកំហឹងរបស់គាត់។ ខ្ញុំបានប្រាប់ Cristiano ថា នៅប្រទេសស៊ែប៊ី គាត់បានស៊ុតបាល់បញ្ចូលទីនៅនាទីចុងក្រោយ ប៉ុន្តែអាជ្ញាកណ្តាលមិនទទួលស្គាល់គ្រាប់បាល់»។
ក្នុងការប្រកួតដែល Ronaldo មិនមានឱកាសរកគ្រាប់បាល់បាន ព័រទុយហ្គាល់ចាញ់ស៊ែប៊ី ១-២។ ពួកគេបាននាំមុខតាមរយៈគ្រាប់បាល់របស់ Renato Sanches ប៉ុន្តែត្រូវបានតាមស្មើវិញយ៉ាងលឿនដោយ Dusan Tadic បន្ទាប់មកគឺ Aleksandar Mitrovic បានស៊ុតចូល១គ្រាប់ទៀតនៅនាទីទី 90 ដែលជាគ្រាប់បាល់សម្រេចវាសនាស៊ែប៊ីចូលទៅកាន់ប្រទេសកាតាដោយផ្ទាល់។
នៅក្នុងការប្រកួតជើងទីមួយនៃការប្រកួតជម្រុះរវាងក្រុមស៊ែប៊ី និងព័រទុយហ្គាល់ Ronaldo និងក្រុម គួរតែរកបានជ័យជំនះ ៣-២ ក្នុងនាទីថែមម៉ោង។ បាល់បានឆ្លងកាត់ខ្សែការពារសញ្ជាតិស៊ែប៊ី ។ ដោយគ្មាន VAR អាជ្ញាកណ្តាលជនជាតិហូឡង់ Danny Makkelie បានបដិសេធន៍គ្រាប់បាល់នោះ ហើយការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២៕