គ្រីស្ទៀណូរ៉ូណាល់ដូបានបដិសេធមិនផ្តល់អាវប្រកួតដល់កីឡាករអេវើតុនចំនួន ៤ ដងបន្ទាប់ពីការខកចិត្តរបស់បីសាចក្រហម ក្នុងក្របខ័ណ្ឌ Premier League កាលពីចុងសប្តាហ៍។
Andros Townsend បានបង្ហើបថាកីឡាករ Cristiano Ronaldo មិនអើពើនឹងការស្នើសុំអាវរបស់គាត់ចំនួន ៤ ដង បន្ទាប់ពីក្រុមបិសាចក្រហមត្រូវបានក្រុម Everton តាមស្មើ ១-១ កាលពីថ្ងៃសៅរ៍។
នៅចុងបញ្ចប់នៃការប្រកួតតារាព័រទុយហ្កាល់ដែលមានទឹកមុខក្រៀមក្រំបានចុះទៅក្រោមផ្លូវរូងក្រោមដីភ្លាមៗ។ គាត់មិនបានមើលជុំវិញទេ សូម្បីតែនៅពេលដែលខ្សែបម្រើស្លាបអេវើតុនដើរតាមគាត់ហើយប៉ះស្មាគាត់នៅខាងក្រោយ ហើយព្យាយាមធ្វើការសន្ទនា។ Townsend គឺជាកីឡាករដែលរកបានគ្រាប់បាល់តាមស្មើបីសាចក្រហម និងធ្វើត្រាប់តាមស្ទាយអប់អរសាទរគ្រាប់បាល់បញ្ចូលទីរបស់ Cristiano Ronaldo។
Townsend បានប្រាប់ talkSPORT Breakfast ថា «ខ្ញុំបានដាក់គោលដៅថា នឹងមិនចាកចេញពី Old Trafford ដោយគ្មានអាវរបស់ Cristiano Ronaldo ឡើយ។ អ្នកបានឃើញហើយ បន្ទាប់ពីបញ្ចប់ការប្រកួត ខ្ញុំបានរត់ទៅរកគាត់ ខ្ញុំមិនដឹងថាគាត់និយាយអ្វីទេប៉ុន្តែវាមិនមែនជាភាសាអង់គ្លេសទេ។
ប្រហែលជាគាត់និយាយជាភាសាព័រទុយហ្កាល់ហើយ ខ្ញុំបានសួរគាត់ ៣-៤ ដងអំពីអាវ ហើយនៅតែគ្មានការឆ្លើយតប។ ទីបំផុតគាត់បានយល់ព្រម ប៉ុន្តែបាននិយាយថាគាត់នឹងផ្តល់ឱ្យខ្ញុំនៅខាងក្នុង។ ខ្ញុំត្រូវរង់ចាំនៅខាងក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ហើយសំណាងខ្ញុំបានទទួលវា។ ខ្ញុំនឹងទុកអាវនោះជាមួយខ្ញុំ»
បច្ចុប្បន្ន Townsend រកបាន ៥ គ្រាប់ក្នុង ៩ ប្រកួតសម្រាប់ Everton ចាប់តាំងពីចូលរួមជាមួយការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។ គាត់បានពន្យល់អំពីការធ្វើត្រាប់តាមស្ទាយអប់អរសាទរគ្រាប់បាល់បញ្ចូលទីរបស់ Cristiano Ronaldo ដោយនិយាយថាវាមិនមែនជាការសម្រេចចិត្តលឿនទេ។
«យើងបានពិភាក្សារឿងនេះជាមួយអ្នកគ្រប់គ្រងកាលពីថ្ងៃមុនពេលយើងធ្វើដំណើរទៅទីក្រុង Manchester ។ មិត្តរួមក្រុមសួរថាតើអ្នកនឹងធ្វើដូច្នេះទេ បើអ្នកស៊ុតបញ្ចូលទី? ខ្ញុំនិយាយ ត្រូវ ប៉ុន្តែរឿងមួយដែលពួកគេសួរគឺ ដើម្បីអបអរលុះត្រាតែជ័យជំនះមានភាពប្រាកដប្រជា ឬនៅពេលការប្រកួតជិតចប់ព្រោះពេលនោះ Ronaldo នឹងគ្មានឱកាសឆ្លើយតបវិញទេ» Townsend បាននិយាយដូច្នេះ៕