David Silva ស៊ុត Free-Kick បញ្ចូលទីជួយឲ្យ Man City ទទួលបាន៣ពិន្ទុបន្ថែមទៀត

0
670

ក្លិបមេឃខៀវ Manchester City ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Etihad ទទួលស្វាគមន៍ក្រុមភ្ញៀវ AFC Bournemouth ក្នុងការប្រកួតក្រខណ្ឌ Premier League សប្ដាហ៍ទី៣៦ កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ។

យោងតាមស្ថិតិនៃការប្រកួតឃើញថា ក្រុម Man City មានឱកាសគ្រប់គ្រងបាល់បាន៧៥ភាគរយ ស៊ុតសំដៅទីក្រុមភ្ញៀវបាន៨ជើង ចំគោលដៅ៣ដង សម្រេចទីបាន២គ្រាប់ ចំណែកឯក្រុម Bournemouth ស៊ុតបាន១០ជើង ចំគោលដៅ៣ដង ទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះបាន១គ្រាប់។

២គ្រាប់របស់ក្រុមលោក Pep Guardiola រកបានដោយកីឡាករ២រូបផ្សេងគ្នា ក្នុងនោះ គ្រាប់ទី១ ជាការស៊ុតបាល់ Free-Kick កោងបញ្ចូលទីយ៉ាងអស្ចារ្យសំណាក់ខ្សែបម្រើវ័យ ៣៤ឆ្នាំ David Silva នៅនាទីទី៦។​ចំណែកឯគ្រាប់ទី២ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus នៅនាទីទី៣៩ ក្រោយទទួលបានបាល់ពី Silva ។

រីឯ១គ្រាប់របស់ក្រុម Bournemouth ធ្វើបាននៅនាទីទី៨៨ឯណោះ បំប៉ោងសំណាញ់ទីដោយខ្សែបម្រើវ័យ២៣ឆ្នាំ David Brooks។

តាមរយៈលទ្ធផលនេះ បានជួយ Man City រក្សាតំណែងលេខ២ ក្នុងតារាង Premier League ក្រោយ៣៦ប្រកួតកន្លងទៅ រកបាន៧៥ពិន្ទុ ចំណែកឯក្រុម Bournemouth បានធ្លាក់ទៅឈរលេខ១៨ ដែលជាតំបន់ត្រូវគេជម្រុះទៅលេងលីគលំដាប់ទី២ មានគម្លាត៣ពិន្ទុ ពីក្រុមលេខ១៧ Watford។

គួរឲ្យដឹងដែរថា Assist ១គ្រាប់កាលពីយប់មិញ បានធ្វើឲ្យ Silva ក្លាយជាកីឡាករដែលមានវ័យចំណាស់ជាងគេទី៣ហើយ (អាយុ៣៤ឆ្នាំ ១៨៩ថ្ងៃ) ក្នុងប្រវត្តិសាស្រ្ត Premier League ដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមឈានដល់១០គ្រាប់ ក្នុងរដូវកាលទោល ពោលកីឡាករដែលធ្លាប់ធ្វើបានបែបននេះ គឺខ្សែបម្រើ Dennis Bergkamp និង Paolo Di Canio៕