David Silva ស៊ុតបាល់ free-kick កោងចូលដាច់ចង្កេះអ្នកចាំទីនៅនាទីទី៦៥

0
617

បន្ទាប់ពីចាញ់ក្លិប Southampton នៅប៉ុន្មានថ្ងៃមុននោះ ក្លិប Manchester City បានត្រឡប់មកវិញដោយលត់ក្លិប Newcastle United ងើបមុខមិនរួចដោយលទ្ធផល៥ទល់នឹង០កាលពីយប់ម្សិលមិញ។

ចាប់ផ្តើមការប្រកួតបាន១០នាទី កីឡាករ Gabriel Jesus រកបានគ្រាប់ដំបូងឲ្យ Man City ដែលជាគ្រាប់ទី១ របស់គេនៅក្នុង៩ប្រកួតចុងក្រោយនេះផងដែរ។ មិនបានប៉ុន្មានផងកីឡាករ Riyad Mahrez រកបានគ្រាប់ទី២ឲ្យ Man City នៅនាទីទី២១។

ចូលដល់តង់ទី២ Man City មិនបានសម្រាកក្នុងការរកគ្រាប់បាល់នោះទេ ដោយថែមឲ្យ Newcastle កាន់តែស្ពឹកមុខចំនួន៣គ្រាប់ទៀត ក្នុងនោះកីឡាករ Federico Fernandez របស់ Newcastle ស៊ុតចូលទីខ្លួនឯងនៅនាទីទី៥៨។ រំលងបានប៉ុន្មាននាទី កីឡាករ David Silva ស៊ុតបាល់ free-kick កោងចូលដាច់ចង្កេះអ្នកចាំទីនៅនាទីទី៦៥ មុនពេលដែល Gabriel Jesus បន្ថែមគ្រាប់ទី៥ឲ្យ Man City នៅនាទីទី៩០បូក១។

ដោយនៅសល់៤ប្រកួតទៀតទើបចប់រដូវកាល ក្លិប Man City កំពុងតែធានាចំណាត់ថ្នាក់លេខពីររបស់ខ្លួនដោយមាន៩ពិន្ទុលើក្រុមលេខ៣ Chelsea ។ ចំណែកឯក្លិប Newcastle បានធ្លាក់មកនៅលេខ១៣វិញ ដោយមាន៤៣ពិន្ទុស្មើនឹងក្រុមលេខ១២ Southampton ៕