R.Madrid និង Barca ចូលមកប្រជែង Liverpool តាមទិញ Marcelo Brozovic

0
635

ក្លិបយក្សអេស្ប៉ាញទាំងពីរគឺ Barcelona និង Real Madrid បានចូលខ្លួនមកប្រជែង តាមប្រមាញ់ខ្សែការពារឆ្នើមរបស់ Inter Milan កីឡាករ Marcelo Brozovic។

ក្លិបហង្សក្រហម Liverpool បានធ្វើការទាក់ទងជាមួយភ្នាក់ងាររបស់កីឡាករកាលពីសប្ដាហ៍មុន ប៉ុន្តែពេលនេះក្លិបជើងឯក Champions League រដូវកាលមុន នឹងត្រូវប្រឈមមុខជាមួយក្លិបលំដាប់កំពូលរបស់អេស្ប៉ាញទាំងពីរ ក្នុងការតាមទិញជម្រើសជាតិក្រូអាត។

Brozovic មានតម្លៃនៃការទិញផ្ដាច់កុងត្រាប្រមាណជា ៥២លានផោន ប៉ុន្តែ Inter Milan ហាក់មានចេតនាក្នុងការបន្តកុងត្រាថ្មីឲ្យគេ ដើម្បីអាចបង្កើនតម្លៃនៃការលក់ចេញ។

Brozovic បានក្លាយជាទីចាប់អារម្មណ៍នាំចូលរបស់បណ្ដាក្លិបធំនៅអឺរ៉ុប ក្រោយបង្ហាញទម្រង់លេងយ៉ាងលេចធ្លោក្នុងក្របខណ្ឌ Serie A រដូវកាលនេះ។ ជាក់ស្ដែង គេចូលលេងបាន៣២ប្រកួត រកគ្រាប់បាល់បាន៥គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច៣ដង។

គួរឲ្យដឹងដែរថា Brozovic ក៏ជាសមាជិកម្នាក់ដែលបានជួយឲ្យក្រុមជម្រើសជាតិក្រូអាត ឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ និងទទួលបានតំណែងជើងឯករង ព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី៕