បើទិញ De Ligt ពី Juventus មិនបាន Zidane នឹងតាមយកខ្សែការពារក្រុម Inter រូបនេះ

0
560

យោងតាមការចុះផ្សាយរបស់កាសែត​អេស្ប៉ាញ Fichajes ខ្សែការពារក្រុម Inter Milan កីឡាករ Alessandro Bastoni កំពុងស្ថិតលើរ៉ាដា របស់ក្លិបអធិរាជស Real Madrid។

អ្នកចាត់ការទូទៅក្លិបជើងឯក Champions League ១៣សម័យ លោក Zinedine Zidane មានគម្រោងពង្រឹងតំបន់ការពារក្នុងក្រុមរបស់លោក ហើយ Bastoni ជាបេក្ខភាពម្នាក់ ក្នុងបញ្ជីគោលដៅរបស់គ្រូបង្វឹកសញ្ជាតិបារាំង។

ខ្សែការពារក្រុម Inter រូបនេះ គ្រាន់តែជាគោលដៅ បន្ទាប់បន្សំរបស់ Real Madrid ប៉ុណ្ណោះ។ បើយោងតាមរបាយការណ៍ ម្ចាស់អាវលេខ៤របស់ Juventus កីឡាករ Matthijs de Ligt ឯណោះទេ ទើបជាគោលដៅកំពូល រប​ស់ក្លិបយក្សអេស្ប៉ាញ ក្នុងការមកពង្រឹងជើងក្រោម ក្នុងក្រុមលោក Zidane។

យ៉ាងណាមិញ ប្រសិនបើ បរាជ័យក្នុងការចុះកុងត្រាយក De Ligt មកកាន់កីឡដ្ឋាន Santiago Bernabeu នោះទើប Real Madrid បង្វែរគោលដៅ តាមយកខ្សែការពារ Bastoni ជំនួសវិញ។

គួរឲ្យដឹងដែរថា Bastoni ជារនាំងការពារដែលក្រុម Inter ផ្ទេរយក ពីក្លិប Atlanta កាលពីឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរ៣០លានអឺរ៉ូ។ ដោយឡែក ក្នុងរដូវកាលនេះ គេបង្ហាញខ្លួនឲ្យក្រុមលោក Antonio Conte បាន១៧ប្រកួត គិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់៕