Emre Can បានបោះសម្ដីត្រង់ៗថា ខ្លួនគ្មានថ្ងៃលេងឲ្យ Man UTD ដាច់ខាត

0
736

ខ្សែបម្រើក្រុម ​Borussia Dortmund កីឡាករ Emre Can បានបង្ហើបឲ្យដឹងថា គេនឹងមិនលេងឲ្យក្រុមបិសាចក្រហម Manchester United ដាច់ខាត ដោយសារតែគេធ្លាប់ជាកីឡាកររបស់ Liverpool។

ជម្រើសជាតិអាល្លឺម៉ង់រូបនេះ ធ្លាប់មានព័ត៌មានជាប់ពាក់ព័ន្ធទៅនឹងការផ្លាស់មកកាន់កីឡដ្ឋាន​ Old Trafford កាលពីទីផ្សារដោះដូរខែមករាកន្លងទៅ ពោលនៅពេលរូបគេរៀបគម្រោងចាកចេញពី Juventus។

ប៉ុន្តែចុងក្រោយខ្សែបម្រើវ័យ២៦ឆ្នាំ បានជ្រើសរើស ដោយមើលរំលងក្រុម Man UTD ទៅស្រវាចូលរួមជាមួយក្រុម Dortmund ព្រោះតែរូបគេ មិនចង់ផ្លាស់ទៅលេងឲ្យក្លិបគូប្រជែងរបស់ Liverpool ដែលជាក្លិបចាស់របស់គេ ធ្លាប់រួមរស់អស់រយៈពេល៤ឆ្នាំ។

យ៉ាងណាមិញ សម្ដីខាងលើ បានធ្លោយចេញនៅពេល Can ត្រូវបានគេលើកឲ្យប្រៀបធៀបរវាងក្លិប Bayern Munich និង Manchester United ដោយកាលនោះ គេបាននិយាយប្រាប់កាសែត Sport Bild យ៉ាងដូច្នេះថា៖

Bayern Munich និង Manchester United សុទ្ធសឹងតែជាក្លិបគីឡូធ្ងន់នៅក្របខណ្ឌ​ Champions League មានជម្រើសជាតិអាល្លឺម៉ង់ល្បីៗជាច្រើនធ្លាប់លេងឲ្យក្លិបទាំងពីរដូចជា Bastian Schweinsteiger និង Owen Hargreaves ជាដើម។ ប៉ុន្តែចំណុចមួយដែលខ្ញុំគ្មានថ្ងៃលេងឲ្យ Man UTD នោះគឺដោយសារពេលវេលានៅ ​Liverpool របស់ខ្ញុំ។ បេះដូងរបស់ខ្ញុំនឹងមិនអនុញ្ញាតឲ្យខ្ញុំផ្លាស់ទៅទីនោះទេ។ Liverpool និង Man UTD ជាគូប្រជែងគ្នាធំធេងណាស់។

គួររម្លឹកផងដែរថា Can បានផ្លាស់ទៅចូលរួមជាមួយក្រុម Dortmund កាលពីរដូវរងារ ខែមករា កន្លងទៅ ក្នុងតម្លៃផ្ទេរ ២៥លានអឺរ៉ូ។ ដោយឡែកគិតមកទល់ពេលនេះ គេបង្ហាញខ្លួនឲ្យក្លិបយក្សអាល្លឺម៉ង់បានចំនួន ៨ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេស៊ុតបញ្ចូលទីបាន១គ្រាប់៕